(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ កុំចាក់ដីលុបប្រឡាយទឹក ចាក់ដីលុបមុខទឹកហូរ ចាក់ដីខ្ពស់ជាងថ្នល់ ហើយជាពិសេសកុំរំលោភបំពានយកដីចំណីផ្លូវ ទៅប្រកបអាជីវកម្មផ្សេងៗ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សំ លាងទ្រី បានថ្លែងថា «ការចាក់ដីលុបប្រឡាយទឹក ចាក់ដីលុបមុខទឹកហូរ ចាក់ដីខ្ពស់ជាងថ្នល់ និងការរំលោភបំពានដីចំណីផ្លូវថ្នល់ គឺជាមូលហេតុចម្បង ដែលបណ្តាលឲ្យផ្លូវថ្នល់របស់យើង ឆាប់ខូចប្រើប្រាស់មិនបានយូរអង្វែង»។
លោកបានបន្តថា ក្រុមការងារថែទាំផ្លូវជាតិលេខ៩៥ បានធ្វើសកម្មភាពស្តារប្រឡាយរំដោះទឹក នៅចំនុចគីឡូម៉ែត្រលេខ ៣៨+៤០០ ក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានប្រវែង៣២០ម៉ែត្រ។ លោកថ្លែងថា នេះជាហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើនទៀត ដែលបណ្តាលឲ្យផ្លូវថ្នល់ឆាប់ខូចខាត។
«បើយើងមិនកាយប្រឡាយរំដោះទឹកឲ្យហូរចេញទេ ទឹកនិងជ្រាបដល់ផ្លូវថ្នល់ ហើយការចាក់ដីខ្ពស់ជាងថ្នល់ ក៏បង្ករឲ្យទឹកដក់ផ្លូវថ្នល់ធ្វើឲ្យជ្រាបផ្លូវថ្នល់ដែរ យូរៗទៅធ្វើឲ្យផ្លូវថ្នល់របស់យើងស្រុត រងការខូចការខូចខាតមិនខាន»។ នេះបើតាមការបញ្ជាក់ពី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ៕