(ភ្នំពេញ)៖ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ ក្រោមការដឹកនាំពីលោក ឃុន ស៊ីម៉ន នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ បានសហការជាមួយ មន្រ្តីពាណិជ្ជកម្ម និងមន្ត្រីមន្ទីពិសោធន៍ ដើម្បីចុះពិនិត្យមើលទំនិញនៅផ្សារសេនជូរីផ្លាហ្សា ក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក តែ អ៉ិតលាង អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ក្រុមការងារបានបន្តអនុវត្តសកម្មភាពចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ម្ហូបអារហារ គ្រឿងឧបភោគបរិភោគ នៅផ្សារសិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ។ លោកបានបន្តថា ក្រុមការងារបានធ្វើពិសោធន៍បឋមលើទំនិញជាគ្រឿងបរិភោគចំនួយ ១១មុខ ដូចជា៖ ជ្រក់គ្រប់ប្រភេទ ទឹកខ្មេះ គល់ស្លឹកគ្រៃហាន់ ជាដើម ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភាគ។
តែជាលទ្ធផល ក្រុមការងារ ពុំបានរកឃើញមានទំនិញ ឬគ្រឿងឧបភោគបរិភោគណា មានសារធាតុគីមីហាមឃាត់ និងខូចគុណភាព ឬហួសកាលបរិច្ឆេទឡើយ។ បន្ថែមពីនោះក្រុមការងារមន្ត្រី បានពន្យល់ណែនាំដល់អាជីវករឲ្យមានការយល់ដឹង និងយកចិត្តទុកដាក់ខ្ពស់លើគុណភាព សុវត្ថិភាព ទំនិញ ម្ហូបអារហារដែលខ្លួនដាក់លក់ និងប្រឈមមុខនឹងច្បាប់ផងដែរ។
បើតាមអនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមមន្ត្រីបានធ្វើការពន្យល់ណែនាំដល់អ្នកលក់ និងប្រជាពលរដ្ឋ អំពីការទុកដាក់ទំនិញវិចខ្ចប់ និងផលប៉ះពាល់បណ្តាលមកពី ទំនិញខូចគុណភាពផងដែរ៕