(ព្រៃវែង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានរៀបចំពិធីបរិភោគសាច់ជ្រូក ក្រោមប្រធានបទ «ដើម្បីក្តីសង្ឃឹម ដល់អ្នកចិញ្ចឹមជ្រូក និងដើម្បីយើងទាំងអស់គ្នា» ក្រោមអធិបតីភាពលោក ជា សុមេធី អភិបាលខេត្ត មន្ត្រីរាជការកងកម្លាំងទាំងបី មន្ទីរអង្គភាពនានាជុំវិញខេត្តយ៉ាងច្រើនកុះករ។ ពិធីនេះបានប្រព្រឹត្តិទៅ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានលើកលើកឡើងថា ក្រោយអំពីលេចឮតាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ នៃការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកមកប្រទេសកម្ពុជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា នៅក្នុងខេត្តព្រៃវែង ឈប់បរិភោគសាច់ជ្រូក និងទិញសាច់ជ្រូកនៅក្នុងផ្សារ ដោយភ័យខ្លាចពីជំងឺទាំងអស់នេះឆ្លងមកខ្លួន។

លោកបានបន្តទៀតថា ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនបណ្ដាលឲ្យឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាពលរដ្ឋនៅខេត្តព្រៃវែង នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ ដើម្បីលើកទឹកចិត្តដល់ចិញ្ចឹមក្នុងស្រុក ម្យ៉ាងទៀត រាល់ការទិញជ្រូកទៅហូប ត្រូវពិនិត្យមើលសាច់ជ្រូក ដែលមានត្រាពេទ្យសត្វត្រឹមត្រូវ ចៀសវាងទិញសាច់ជ្រូកដែលគ្មានត្រាពីពេទ្យសត្វ។ រាល់ការលក់សាច់ជ្រូកនៅលើទីផ្សារ ត្រូវតែមានវាយត្រាពីពេទ្យសត្វទើបបញ្ជាក់ថា សាច់សត្វនោះ បានពិនិត្យសុខភាពសត្វយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញ។

នៅក្នុងឱកាសនោះដែរ លោក ជា សុមេធី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង មេត្តាកុំព្រួយបារម្ភចំពោះបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលថា មេរោគនេះ អាចឆ្លងមកមនុស្សនោះ គឺមិនឆ្លងទេ គឺជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ លោកបន្តថា ចំពោះសាច់ជ្រូក ដែលលក់នៅក្នុងទីផ្សារគឺសុទ្ធតែពិនិត្យត្រឹមត្រូវ និងវ៉ៃត្រា ពីមន្ត្រីបសុពេទ្យ ទើបឲ្យធ្វើការនាំចេញមកលក់ទីផ្សារនានាបាន។

លោកក៏បានណែនាំ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូក ដែលនាំចូលមកលក់ក្នុងទីផ្សារ ឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំចូលជ្រូក ពីក្រៅប្រទេសមកចូលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រៃវែងនោះទេ៕