(កោះកុង)៖ លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទូចឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំដើមឈើទាំងអស់ដើម្បីបរិស្ថាន និងសុខភាព។
ការអំពាវនាវនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរក្នុងពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៩។ លោកបានថ្លែងថា ដើម្បីសក្តានុពលសោភណ្ឌភូមិឋាន យើងត្រូវចូលរួមដាំកូនឈើឲ្យបានម្នាក់១ដើម ដើម្បីបរិស្ថាន និងសុខភាព។ តែលោកក៏បានចោទ និងលើកឡើងថា ឃើញតែដាំ តែមិនឃើញរបាយការណ៍ការដាំកូន រស់ប៉ុន្មាន ងាប់ប៉ុន្មាន ដូច្នេះត្រូវធ្វើរបាយការណ៍ជូនដល់ក្រសួងផងដែរ។
ក្នុងពិធីនេះ ក៏មានការចូលរួមក្រោមវត្តមានលោក ស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង មន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋរផងដែរ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង បានលើកឡើងថា ពិធីរុក្ខាទិវាគឺជាការឆ្លុះបញ្ចាំងឲ្យឃើញការយកចិត្តទុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលខិតខំអនុវត្តន៍យ៉ាងសកម្ម នូវគោលនយោបាយព្រៃឈើជាតិ ដោយដាំកូនឈើឡើងវិញ ដើម្បបង្កើននៅសក្តានុពល និងបរិស្ថានឲ្យមានសោភ័ណ្ឌភាព។
លោកបានបន្តថា «កូនឈើដែលដាក់ថៃ្ងនេះ មានចំនួន ៥,០០០ដើម មានដើមអាកាស្យា គគីរ ឈើទាល ហើយប្រារព្ធត្រូវដាំស្ថិតនៅក្នុងភូមិសាស្រ្តតាមបណ្តោយផ្លូវលេខ៩៧៧ ឆ្ពោះទៅកាន់វត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង ក្នុងគោលគំនិត នៃការស្រលាញ់ព្រៃឈើ និងផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើ និងធ្វើឲ្យប្រសើរឡើងសោភ័ណ្ឌភាព ធម្មជាតិនិងបរិស្ថាននៅតាមដងផ្លូវនេះផងដែរ»។
លោក យុទ្ធ ភូថង បានថ្លែងទៀតថា រុក្ខទិវាដាំកូនឈើថ្ងៃនេះ វាមានអត្ថប្រយោជន៍ខ្លាំងណាសម្រាប់ធនធានធម្មជាតិ វាធ្វើឲ្យខេត្តសក្តានុពល និងលំអរនៅតាមដងផ្លូវសាធារណៈ បង្កើនបរិស្ថាន បង្កើនអាកាសធាតុទឹកភ្លៀង ជួយសម្រួលសុខភាពមនុស្ស-សត្វ និងធ្វើការទាក់ទាញផ្នែកវិស័យទេសចរណ៍ផងដែរ។
លោកបានថ្លែងបន្តថា «ហេតុដូច្នេះយើងចូលរួមដាំកូនឈើទាំងគ្នាឲ្យម្នាក់១ដើម និងធ្វើការថែរក្សាកុំកាប់បំផ្លាញ ហើយយើងត្រូវស្រលាញ់បរិស្ថានធនធានធម្មជាតិ ហើយត្រូវជាគំរូដល់ក្មេងជំនាន់ក្រោយៗ យកចេះស្រលាញ់ធនធានធម្មជាតិ»៕