(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
អាជ្ញាធរមូលដ្ឋានដែលចូលរួមចុះពិនិត្យការស្ថាបនាផ្លូវ បានឲ្យដឹងថា ផ្លូវបេតុង ១ខ្សែ ប្រវែង ១គីឡូម៉ែត្រ ទទឹង ៩ម នៅក្នុងទីប្រជុំជនភូមិបែកអន្លូង ឃុំអារក្សត្នោត គឺកំពុងស្ថាបនា។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានចុះទៅសិក្សាផ្លូវមួយខ្សែទៀតនៅក្នុងឃុំទួលសំបូរផងដែរ។
ដោយឡែក ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានសំដែងការត្រេកអរ ខណៈលោកអភិបាលខេត្តកំពង់ចាម និងក្រុមការងារ បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវនេះផងដែរ។ ពួកគាត់បានឲ្យដឹងថា កន្លងមកពួកគាត់មានការលំបាកធ្វើដំណើរដោយសារផ្លូវទាំងនោះ មានគ្រលុកច្រើន និងបែកភក់នៅពេលភ្លៀងធ្លាក់ ហើយនៅរដូវក្តៅផ្លូវដីហុយ។
សូមបញ្ជាក់ថា ក្នុងបេសកកម្មពេញមួយថ្ងៃ អភិបាលខេត្តកំពង់ចាម និងក្រុមការងារ បានបន្តចុះពិនិត្យសាលាឃុំទួលសំបួរ មកដល់បច្ចុប្បន្ននេះ បានសម្រេចការងារសាងសង់បានប្រមាណជា ៤០ភាគរយហើយ។ បន្ទាប់មកលោកអភិបាលខេត្ត បានធ្វើដំណើរត្រួតពិនិត្យមើលផ្លូវ និងពិនិត្យភូមិសាស្រ្តតាមទីជនបទ ពីស្រុកស្ទឹងត្រង់រហូតដល់ស្រុកបាធាយ៕