(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញបោសសំអាតមីន និងរក្សាសន្តិភាព សម្រាប់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ពិធីបិទវគ្គហ្វឹកហ្វឺននេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ សេនានុព័ន្ធបណ្តាប្រទេសជាមិត្ត និងសិក្ខាកាមសរុបទាំងអស់៣៥០នាក់។
លទ្ធផលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបោសសំអាតមីន ជាយុទ្ធសាស្រ្តទី៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងយោធពលខេមរភូមិន្ទ បានបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងការចូលរួមចំណែកបោសសំអាតមីនក្នុងប្រទេស ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះបានជាអតិបរមា ជាក់ស្ដែងក្នុងអំឡុងពេល១១ឆ្នាំកន្លងមកនេះ កងកម្លាំងធ្វើការបោសសំអាតមីន បម្រើសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សម្រេចបាន លទ្ធផលសរុបលើផ្ទៃដី ១,៣៤៦,៧៥៧,០៨៣ម៉ែត្រការ៉េ មីនប្រឆាំងថ្មើរជើងចំនួន ១៥,៤៦៦គ្រាប់មីន ប្រឆាំងរថក្រោះ ៣២៥គ្រាប់ ERW ៩៥,០៣៩គ្រាប់ អំបែង ២,០៣៥,១៥១បំណែក ហើយបានរួមចំណែកជាមួយអាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិករនានា នៅក្នុងប្រទេស ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីនពីកំរិតខ្ពស់ នៅឆ្នាំ១៩៩៦ ដែលមានជនរងគ្រោះពី ៤.៣២០នាក់ មកនៅត្រឹម ១១១នាក់(មីន ៣០នាក់ ERW ៨១នាក់) ក្នុងឆ្នាំ២០១៥។
នេះសរបញ្ជាក់ឲ្យឃើញពីការខិតខំបងប្រែង ទាំងស្មារតី និងសម្ភារ ប្រើវិធានការសរុប មធ្យោបាយសរុប ទាំងកម្លាំងជំនាញអាជីព និងកម្លាំងសិក្ខាកាមដែលចុះធ្វើកម្មសិក្សាជាក់ស្តែងរបស់ ខ.ភ.ម ក្នុងការរួមចំណែកភារកិច្ច ដ៏លំបាកលំបិននេះ ក្នុងនោះបានរកឃើញអង្គភាពគម្រូរួមមានស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព សាលាហ្វឹកហ្វឺនកងកម្លាំងភាពពហុជាតិ ក្នុងបោសសំអាតមីនលេខ២៣៥-៣១៥-៤០៥ កងវិស្វកម្មលេខ៥១៣-៦០៣ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ វិស្វកម្មកងទ័ពជើងគោក កងពលធំអន្តរាគមន៍លេខ២-៣ កងពលតូចអន្តរាគមន៍លេខ១ យោធភូមិភាគពិសេស យោធភូមិភាគទី១,២,៣,៤ និងទី៥៕