(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿង អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ សុជា មេត្តា ពាក់ព័ន្ធនឹងករណី «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍» ខណៈដែលជនជាប់ចោទ ត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំរួចហើយ។

មន្រ្តីតុលាការបានឱ្យដឹងថា សវនាការនៅព្រឹកនេះមានលោក សេង ហៀង ជាតំណាងអយ្យការ និងលោក អ៊ឹម វណ្ណ: ជាចៅក្រមជំនុំជម្រះ។ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ សុជា មេត្តា ក៏មានវត្តមាននៅក្នុងសវនាការនេះផងដែរ។

លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍»។ អ្នកទាំងពីរត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារនៅក្នុងពន្ធនាគារអស់ជិត១ឆ្នាំ បន្ទាប់មកត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ការចាប់ខ្លួនរបស់បុគ្គលវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុរបស់អាមេរិកមួយនេះ បានបិទការិយាល័យលួចលាក់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា៕