(សេអ៊ូល)៖ តារាបណ្តាញសង្គម YouTube របស់កូរ៉េខាងត្បូង កុមារី Boram និងគ្រួសាររបស់នាង បានទិញអគារមួយខ្នង កម្ពស់៥ជាន់ នៅក្នុងស្រុក Gangnam ទីក្រុង Seoul តម្លៃ៩.៥ពាន់លានវ៉ុន ស្មើនឹង៨.០៥លានដុល្លារអាមេរិក, នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

តារាវ័យ៦ឆ្នាំរូបននេះ មានអ្នកគាំទ្រ (Subscriber) ជាង៣០លាននាក់ នៅលើ Channel YouTube ចំនួន២របស់នាង។ Channel ឈ្មោះ Boram Tube Vlog របស់នាង ទាក់ទាញបានអ្នកគាំទ្រចំនួន១៧.៦លាននាក់ និងមួយទៀតឈ្មោះ Boram Tube Toys Review ទទួលបានអ្នកគាំទ្រ ចំនួន១៣.៦លាននាក់។

នាងគឺជាអ្នកបង្កើត Channel YouTube កូរ៉េខាងត្បូង ដែលមានអ្នក Follow ច្រើនជាងគេបំផុត។ ការលក់បញ្ចូលគ្នាប្រចាំខែ ទាំង២ Channel របស់នាង មានតម្លៃប្រមាណ៣.៧ពាន់លានវ៉ុន ស្មើនឹងជាង៣.១លានដុល្លារអាមេរិក។

អគារស្ថិតក្នុងស្រុក Gangnam នេះ ត្រូវបានទិញ កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ ដោយក្រុមហ៊ុន Boram Family ដែលគ្រប់គ្រង Channel YouTube របស់នាង៕