(ភ្នំពេញ)៖ ជនជាតិបរទេសម្នាក់ អង្គុយស្លាប់នៅកាំជណ្ដើរទាំងមិនដឹងមូលហេតុ ស្ថិតនៅផ្ទះល្វែងលេខ152E1 តាមបណ្ដោយផ្លូវលេខ១៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង២យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។
សពមានឈ្មោះ John Harrison មានមុខរបរជាគ្រូបង្រៀននៅវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង (AII) បច្ចុប្បន្នបុរសជនជាតិបរទេសខាងលើមានប្រពន្ធជាជនជាតិខ្មែរ ដោយរួមរស់ជាមួយគ្នារហូតបានកូនប្រុសអាយុ៩ឆ្នាំម្នាក់ ហើយស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសជនជាតិបរទេសម្នាក់នេះ ជាបុរសដែលញៀនស្រាជារៀងរាល់ ថ្ងៃហើយកាលពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ បុរសខាងលើបានលេបថ្នាំសរសៃរប្រសាទអស់ជាង៦០គ្រាប់ទាំងមិនដឹងមូលហេតុ ហើយភ្លាមៗនោះបុរសខាងលើ ក៏ត្រូវបានប្រជាពលរដ្ឋ និងក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យកាល់ម៉ែត ទើបអាចសង្រ្គោះបាន តែមិនបានប៉ុន្មានថ្ងៃផងស្រាប់ តែបុរសខាងបានរត់ចេញពីមន្ទីរពេទ្យកាល់ម៉ែត លុះមកដល់ថ្ងៃកើតហេតុស្រាប់តែប្រទះឃើញបុរសខាងលើអង្គុយស្លាប់ នៅកាំជណ្ដើរទាំងមិនដឹងមូលហេតុទៅវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ ដើម្បីចុះមកត្រួតពិនិត្យសាកសពផងដែរ៕