(ពោធិ៍សាត់)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយវិធានការត្រៀម បង្ការ និងការឆ្លើយតប ពេលមានគ្រោះមហន្តរាយកើតឡើង។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីរាជការតាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូ និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ទូទាំងខេត្ត ចំនួន២៩១នាក់។
តាមរបាយការណ៍របស់លោក ម៉ៅ ធនិន បានឲ្យដឹងថា ក្រោយពេលដែលរាជរដ្ឋាភិបាល បានកសាងទំនប់ទី៣ និងទី៥ រួចមកអាចកាត់បន្ថយជំនន់ទឹកស្ទឹង បានមួយកម្រិត។ ដោយឡែកគ្រោះរាំងស្ងួត បានបង្កឲ្យប៉ះពាល់ជាង៤៦ពាន់ហិកតា តែដោយមានការចាត់តាំងសង្គ្រោះបន្ទាន់ និងថ្មីៗនេះ មានភ្លៀងធ្លាក់ផងនោះ ទើបមិនបណ្តាលឲ្យមានការខូចខាតទេ។ ក្នុងឆ្នាំ២០១៩នេះ ក្រុងស្រុកចំនួន៣ ជួបប្រទះនូវខ្យល់កន្រ្តាក់១២លើក ប៉ះពាល់១១៨គ្រួសារ ស្មើនឹង១១៨ខ្នងផ្ទះ និងសាលារៀនចំនួន០៤បន្ទប់។
ជាមួយគ្នានោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់រលំផ្ទះ អគ្គីភ័យ គ្រួសារក្រីក្រ ចាស់ជរា ជនពិការបានទាន់ពេលវាលា និងបានសំណូមពរដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការដៃគូ និងសប្បុរសជន បន្តផ្តល់ការគាំទ្រ ធនធាន សម្ភារ បច្ចេកទេសបន្ថែមទៀត ដែលទាក់ទងការងារគ្រប់គ្រងគ្រោះមហន្តរាយ។
បន្ទាប់ពីបាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអង្គប្រជុំ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ទាំងមូលរួចមក ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្រ្ដីពាក់ព័ន្ធ ធ្វើរបាយការណ៍ពីផលប៉ះពាល់ និងតម្រូវការប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីងាយស្រួលក្រសួង ស្ថាប័នជំនាញ ចាត់វិធានការជួយប្រជាពលរដ្ឋ។
លើសពីនេះ ត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាព គ្រោះមហន្តរាយធម្មជាតិ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុន ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការឲ្យរាជរដ្ឋាភិបាលបង្កើន និងពង្រឹងពង្រីកយន្តការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយកំណត់ការរៀបចំ និងការប្រព្រតឹត្តទៅរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ ទាំងការចែករំលែកព័ត៌មាន មានចំណេះដឹង ដោយផ្សារភ្ជាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងបន្សាំងទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការច្បាប់៕