(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ មន្ទីរពេទ្យកាល់ម៉ែត បានទទួលពិគ្រោះជំងឺក្រៅ ចំនួន១៣០,៥៧៩នាក់ និងទទួលអ្នកជំងឺដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន៥៤,៥១៥នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆមាស របស់មន្ទីរពេទ្យកាល់ម៉ែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០១៩ មន្ទីរពេទ្យមន្ទីរកាល់ម៉ែត ទទួលអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅ ក្នុងមួយថ្ងៃចំនួនប្រមាណ៧០០ ទៅ៨០០នាក់ ដោយមានក្រុមការងារជំនាញគ្រប់ផ្នែករង់ចាំទទួល ផ្ដល់ជូនសេវាសុខភាពគ្រប់ស្ថានភាពជំងឺ និងទទួលអ្នកជំងឺសម្រាក ជាមធ្យមប្រមាណ៩០០ ទៅ១,១០០នាក់ក្នុងមួយថ្ងៃ។
ក្នុងចំណោមចំនួនករណីជំងឺ សរុបសម្រាកពេទ្យ៦ខែ ដើមឆ្នាំ២០១៩ មន្ទីរពេទ្យសង្កេតឃើញថា ករណីគ្រោះថ្នាក់ដោយរបួស និងគ្រោះចរាចរណ៍ នៅតែនាំមុខ ពោលចំនួន២៦៦៣ករណី។ ចំណែកជំងឺមិនឆ្លងឃើញថា ជំងឺបេះដូង មានចំនួន១,៦៧៤ករណី, ជំងឺខួរក្បាល និងសសៃឈាមខួរក្បាល ចំនួន១,០២៤ករណី។
សូមជម្រាបថា មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យជាតិនាំមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលផ្តល់សេវាថែទាំ៧/៧ថ្ងៃ និង២៤/២៤ ម៉ោងជារៀងរាល់ថ្ងៃ ដល់គ្រប់អ្នកជំងឺទាំងក្នុង និងក្រៅប្រទេស ខណៈដែលមន្ទីរពេទ្យមានគ្រែសម្រាក ចំនួន៨០០គ្រែ៕