(ព្រៃវែង)៖ ប្រជាពលរដ្ឋជាសមាជិក សហគមន៍កសិកម្មផលិតស្រូវនៅខេត្តព្រៃវែង យល់ព្រមលក់ស្រូវ ដែលផលិតបានឲ្យទៅ រោងម៉ាស៉ីនកិនស្រូវ ខ្នាតអន្តរជាតិ ដែលស្រូវនេះ ជាស្រូវទទួលស្គាល់ថា មានសុវត្ថិភាព អរកានិច និងសេរីរាង្គ ផលិតជាអង្ករយកទៅទទួលទានមិនប៉ះពាល់សុខភាព។
ការយល់ព្រមនេះ បានបញ្ជាក់តាមរយៈពិធីចុះកិច្ចសន្យា ទទួលទិញ-លក់ រវាងសហគមន៍កសិកម្មខេត្តព្រៃវែង ជាមួយរោងម៉ាស៉ីនកនស្រូវឈុនធំ មានមូលដ្ឋាន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ធ្វើឡើងសាលាខេត្តព្រៃវែង ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសាលាខេត្តព្រៃវែង។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានលើកឡើងថា ទូទាំងខេត្តព្រៃវែង ផ្ទៃដីផលិតស្រូវ ២៧៥ពាន់ហិកតា ផលស្រូវមួយឆ្នាំៗ ទទួលផលប្រមាណ១លាន ៤សែនតោន។ ក្នុងនោះស្រូវ នាំចេញជាមធ្យមជិត ១លានតោន។
លោកបន្តថា ដោយឡែកស្រូវរបស់សហគមន៍ ចុះកិច្ចព្រមព្រៀង ជាមួយរោងម៉ាស៉ីន ឈុនធំ តាមរយៈគម្រោងកម្មវិធី Rice SDP ASPIRE BSP មានសហគមន៍សរុប១៦ ទូទាំងខេត្ត ផលិតស្រូវជាពីរ ទី១៖ ស្រូវពូជ ៧១៨ហិកតា បានទិន្នផល២១៥០តោន, ទី២៖ ស្រូវផលិតជាអង្ករ លើផ្ទៃដី ២៩៦៣ហិកតា ទិន្នផល ១លានតោន។
លោក ឈុន ធំ ម្ចាស់រោងម៉ាស៉ីនកិនស្រូវ សន្យាថានឹងទទួលទិញស្រូវ សហគមន៍ចាប់ពី១ម៉ឺនតោន ក្នុងតម្លៃចាប់ពី១៦០០រៀល ក្នុងមួយគីឡូក្រាម ជាប្រភេទស្រូវសើម ឡើងទៅនៃទិន្នផលស្រូវសរុប របស់សហគមន៍។
សូមបញ្ជាក់ថា កម្មវិធីនេះទទួលបានការគាំទ្រ ពីធនាគារអភិវឌ្ឍន៍ជនបទ ហើយក្រៅពីការទទួលទិញស្រូវ ក្នុងខេត្ត មានឡសម្ងួតផងដែរ៕