(ព្រះសីហនុ)៖ បន្ទាប់ពីឆ្មក់បង្ក្រាបករណីគ្រឿងញៀនក្នុងខារ៉ាអូខេ យីហោ អូបាម៉ា KTV ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅម៉ោង៣៖០០នាទីទៀបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនមនុស្សចំនួន១៤៦នាក់ កម្លាំងជំនាញរកឃើញមនុស្ស៦នាក់ ជាអ្នកជួញដូរគ្រឿងញៀន និងមនុស្សចំនួន១៤០នាក់ (ស្រី៤៣នាក់) ផ្សេងទៀត ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
ប្រតិបត្តិការចុះបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ ក្លិបអូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន (Ketamin )ទម្ងន់ ៤៤.៩០ក្រាម, ថ្នាំញៀនប្រភេទអិចស្តាស៊ី (MDMA) ទម្ងន់៥៤.២១ក្រាម, ជ្រុញសម្រាប់ប្រើគ្រឿងញៀនចំនួន៣៥ជ្រុញ, រថយន្ត៧គ្រឿង, ទូរស័ព្ទដៃចំនួន១១៦គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕