(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ប៉ុក បូរិន្ទ ប្រធានការិយាល័យប្រតិបត្តិបាសាក់ ខណ្ឌមានជ័យ តំណាងឱ្យមន្ទីរសុខាភិបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារបើកយុទ្ធនាការបាញ់ថ្នាំមូស ក្នុងសង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងអំពាវឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រុងប្រយ័ត្នការពារខ្លួន និងលុបបំបាត់ជម្រកមូសខ្លា។

ក្នុងនោះដែរលោក ឌី រ័ត្នខេមរុណ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ រួមគ្នាលប់បំបាត់ជម្រកមូសខ្លា ក្នុងសហគមន៍យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

លោកបានលើកឡើងថា បើតាមតួរលេខរបស់ក្រសួងសុខាភិបាល គិតត្រឹមសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩ ជំងឺគ្រុនឈាម សរុបចំនួន៣៣,០០០ករណី ក្នុងនោះស្លាប់បាត់បង់ជីវិត មាន៣៣នាក់ ហើយតែទោះជាយ៉ាងណារដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ទាន់ពេលវេលា តែបើធៀបទៅប្រទេសហ្វីលីពីន គឺអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមកើនឡើង អ្នកស្លាប់នៅហ្វីលីពីនជាង ៤០០នាក់ហើយរហូត ដល់រដ្ឋាភិបាលប្រកាសអាសន្ន។

ដូចនេះ មូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បានយ៉ាងឆាប់រហ័សតាមរយៈ៖ ទឹកដក់ ជាជម្រកមូសខ្លា (ទឹកដក់ក្នុងសំបកកង់ឡានកង់ម៉ូតូ សំបក កំប៉ុងដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ ការទុកដាក់សំបកកង់ឡាន កង់ម៉ូតូ ហាលភ្លៀង នៅក្នុងសហគមន៍ គឺជាការបង្កើតជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់គ្មានជម្រកមូសខ្លា គ្មានជំងឺគ្រុនឈាម៕