(សៀមាប)៖ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ការគ្រប់គ្រងបរិស្ថានក្នុងតំបន់អង្គរ ក្រោមអធិបតីភាពលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិក ឆ្មាំ និងពលករមកពីគ្រប់នាយកដ្ឋាន និងតំណាងក្រុមហ៊ុនវីហ្គ្រីន សរុបប្រមាណ ៤០០នាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
កម្មវិធីនេះធ្វើឡើងក្នុងបំណងផ្សព្វផ្សាយគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ផែនការអនុវត្តការងារបរិស្ថានរបស់នាយដ្ឋាននីមួយៗ ស្វែងយល់នូវបញ្ហាប្រឈម និងដំណោះស្រាយរួម ប្រសិទ្ធភាពការងារ និងការកែលម្អប្រព័ន្ធការងារ។
លោក អ៊ុន មុន្នីនីតា ប្រធានសវនករនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ លើកឡើងថា គោលនយោបាយគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ផ្តោតលើតំបន់រមណីយដ្ឋានអង្គរ ទស្សនៈវិស័យ ការប្តេជ្ញាចិត្តរក្សាការពារបរិស្ថានដែលមានស្រាប់ជាគោលដៅចម្បង ទប់ស្កាត់នូវផលប៉ះពាល់លើបរិស្ថាន និងការគ្រប់គ្រងនូវសកម្មភាពរបស់ខ្លួនទៅលើបរិស្ថាន។
លោកបន្តថា អាជ្ញាធរជាតិអប្សរា ត្រូវទប់ស្កាត់ផលប៉ះពាល់ដោយប្រយោល សកម្មភាពភាគីពាក់ព័ន្ធអ្នកលក់ដូរ ប្រជាជនក្នុងតំបន់ ការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ កាប់ព្រៃឈើ អាជ្ញាធរជាតិអប្សរាក្នុងនាមស្ថាប័នសាធារណៈមានតួនាទីអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់គ្រប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ខែមករាខាងមុខសភាសវនករនៃស្ថាប័ន JQA នឹងពិនិត្យមើល ហើយផ្តល់សុពលភាពវិញ្ញាបនបត្រក្នុងលក្ខខណ្ឌដែលយើងអនុវត្តតាមស្តង់ដារមិនមានភាពមិនអនុលោម និងខុសឆ្គងក្នុងការអនុវត្ត។
លោកបន្តថា តាមរយៈរបាយការណ៍កន្លងមក ពុំទាន់មានអង្គរភាពណាមួយមានភាពមិនអនុលោមនោះទេ សបញ្ជាក់ថាមានការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ព្រមទាំងថ្នាក់ដឹកនាំតាមនាយកដ្ឋាននីមួយៗដែលបង្ករលក្ខណៈឱ្យមន្ត្រីជំរុញ និងអង្គភាពគ្រប់គ្រងបរិស្ថានទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
លោក យិត ចាន់ដារដ្ឋ បានបន្ថែមថា ការអនុវត្តគោលនយោបាយគ្រប់គ្រងបរិស្ថានជោគជ័យទៅបានអាស្រ័យដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ៣សំខាន់ៗ ទី១៖ អាជ្ញាធរជាតិអប្សរាខ្លួនឯងដែលជាអ្នកគ្រប់គ្រងរមណីយដ្ឋាន ជាស្ថាប័នទីមួយត្រូវតែអនុវត្តឱ្យបានល្អប្រសើ ទី២៖ ប្រជាជនម្ចាស់ស្រុកដែលរស់នៅក្នុងតំបន់ រួមទាំងអ្នកលក់ដូរផ្សេងៗ ទី៣៖ វិស័យឯកជន មានទីភ្នាក់ងារទេសចរណ៍ អ្នកដឹកជញ្ជូន មគ្គុទេ្ទសក៍ សណ្ឋាគារ ភោជនីយដ្ឋាន អ្នកប្រកបរបរផ្តល់សេវាកម្មដល់វិស័យទេសចរណ៍ ហើយកត្តាធំៗទាំង៣នេះត្រូវតែអនុវត្តឱ្យដើរទន្ទឹមគ្នាដោយមិនអាចខ្វះមួយណាឡើយ៕