(សៀមរាប)៖ ព្រះសង្ឃ គរុសិស្ស និងសប្បុរសជន ដឹកនាំដោយឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ចំនួន ១,០០០អង្គ/នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើចម្រុះជាង ៥,០០០ដើម រួមមាន៖ គ្រញូង ១,៧០០ដើម ធ្នង់ ១០០ដើម ច្រេស ១០០ដើម ឈើទាល ១,៥០០ដើម គគីរ ១៥០០ដើម ពពេល ១០០ដើម នៅបរិវេណប្រាសាទប្រីក្នុងរមណីយដ្ឋានអង្គរ។
សកម្មភាពនេះធ្វើឡើងនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ព្រះតេជគុណ តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ដែលបានដឹកនាំសកម្មភាពយ៉ាងផុសផុលចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការដាំកូនឈើឡើងវិញ មានសង្ឃដីកាថា ការដាំនិងថែរក្សាព្រៃឈើ គឺជាកាតព្វកិច្ចចម្បងរបស់យើងគ្រប់គ្នា ព្រោះព្រៃឈើត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការដ៏ចាំបាច់ក្នុងការរស់នៅរបស់ប្រជាជនទូទៅ និងនាំមកនូវភាពបៃតងនៃបរិស្ថានដ៏សែនមនោរម្យ។ ការដាំដើមឈើ ក៏ជាបង្កើនការយល់ដឹង និងការចូលរួមស្រលាញ់ ថែរក្សា និងការពារធនធានធម្មជាតិនិងជីវៈចម្រុះ ជាពិសេសការដាំឈើ១ដើម ក៏ដូចជាយើងបានឱ្យជីវិតគេមួយដែរ។ ដូច្នេះកាលណាយើងឱ្យជីវិតគេគ្រប់ៗគ្នា គឺពិតប្រាកដថាយើងបានបុណ្យ មិនចាំបាច់ធ្វើបុណ្យធំៗទេ គឺយើងដាំតែដើមឈើនោះក៏យើងបានបុណ្យដែរ។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការចូលរួមរបស់ព្រះសង្ឃ គរុសិស្ស និងសប្បុរសជននាពេលនេះគឺជាកាយវិការដ៏គួរឱ្យគោរព និងលើកទឹកចិត្តជាទីបំផុត ព្រោះសកម្មភាពទាំងនេះកំពុងតែបានឆ្លើយតបជាវិជ្ជមាន ចំពោះសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ក្នុងយុទ្ធនាការសាធារណៈដាំកូនឈើឡើងវិញនៅរមណីយដ្ឋានអង្គរ។
ម៉្យាងវិញទៀត កាយវិការទាំងនេះពិតជាបានបញ្ជ្រៀបនូវអត្ថន័យដាស់តឿនយ៉ាងជ្រាលជ្រៅ ក្នុងចលនាមហាជនសំដៅការយកចិត្តទុកដាក់ដាំដើមឈើឡើងវិញ ឱ្យស្របទៅនឹងគោលនយោបាយអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ ក៏ដូចជាគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដាំនិងថែរក្សាព្រៃឈើ។
ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ក៏បានថ្លែងអំណរគុណជាអនេកកប្បការចំពោះការចូលរួមរបស់ ព្រះសង្ឃ គរុសិស្ស និងជាពិសេសលោកជំទាវឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដែលបានបរិច្ចាគនូវថវិកាជាច្រើនជួយក្នុងវិស័យពុទ្ធសាសនា និងការទទួលជួយជួសជុលរហាត់ទឹកដ៏ធំ នៅទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕