(កំពង់ស្ពឺ)៖ តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ គឺលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានថ្លែងថា ការធានាឲ្យបាននូវអនាម័យស្អាត និងភាពស្រស់បៃតង គឺជួយបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ។
ការលើកឡើងបែបនេះ ក្នុងពេលដែលក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ស្តីពី ស្រ្តី និងទីក្រុងស្អាត, ស្រ្តី និងការអភិវឌ្ឍបៃតង ក្នុងវិស័យទេសចរណ៍ ដែលបានប្រារព្ធធ្វើ នៅសាលប្រជុំបណ្ណាល័យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពន្លេចឲ្យឃើញពីតួនាទីរបស់ស្រ្តី នៅក្នុងសកម្មភាពទីក្រុងស្អាត និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍។
សូមបញ្ជាក់ថា នៅក្នុងវិស័យមាសបៃតងមួយនេះ កម្លាំងពលកម្មស្រ្តីមានច្រើនជាងបុរស គឺប្រមាណជាង៦០% ដែលបានបង្ហាញឲ្យឃើញថា ស្រ្តីមានសក្តានុពលធំនៅគ្រប់សរសៃឈាម នៃទេសចរណ៍ ជាពិសេសនៅក្នុងសកម្មភាពទីក្រុងស្អាត ស្ត្រីហាក់មានការពាក់ព័ន្ធច្រើនជាងគេ ដោយសារ ស្ត្រីភាគច្រើន ជាអ្នកបម្រើការផ្ទាល់នៅកន្លែងបន្ទប់ទឹក បង្គន់សាធារណៈ ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ទៅផ្សារ ជាមេផ្ទះ ជាអ្នកជូតសម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ -ល-។
ដែលការងារទាំងនេះ ជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យ តាមរយៈការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។ ជាទូទៅគេមិនសូវឃើញ មានបុរសប្រកាន់យកការងារទាំងអស់នេះទេ តែយ៉ាងណាទីក្រុងអាចល្អស្អាត ទៅបានលុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា។
រដ្ឋលេខាធិការរូបនេះ ក៏បានបញ្ជាក់ទៀតថា ទីក្រុងស្អាតទៅបានអាស្រ័យដោយមានបរិស្ថាន អនាម័យ មានសណ្តាប់ធ្នាប់របៀបរៀបរយ ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈដ្ឋានរស់នៅល្អប្រសើរ ដែលផ្តល់ភាពកក់ក្តៅដល់ប្រជាជន និងភ្ញៀវទេសចរ។ ដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាល បានដាក់ចេញនូវ «ចលនាប្រឡងប្រណាំងទីក្រុងស្អាត» ហើយដែលស្រ្តី ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងចលនានេះផងដែរ។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ការរួមគ្នាធ្វើឲ្យទីក្រុងស្អាត មិនត្រឹមតែដើម្បីសោភ័ណភាពបរិស្ថានល្អ សុខមាលភាព ផាសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើន នៃភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ។ ដូច្នេះចាំបាច់ណាស់ត្រូវបង្កើនភាពទាក់ទាញ និងបៃតងដើម្បីនិរន្តរភាពទេសចរណ៍ ដោយហេតុថា គ្មានទេសចរណាម្នាក់ ចង់ទៅលេងកម្សាន្តកន្លែងដែលអាប់អួរ ដែលរុំព័ទ្ធដោយបរិស្ថានមិនល្អនោះទេ យើងអាចនិយាយដោយខ្លីថា «ការធានាឲ្យបាននូវភាពស្អាត និងបៃតង គឺជួយបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ»។
ឆ្លៀតឱកាសនោះផងដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានស្នើឲ្យសិក្ខាកាម និងអ្នកពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវ «ទស្សនទានស្អាត និងបៃតង» ដើម្បីការរស់នៅស្អាត លំនៅស្ថានស្អាត ភូមិ ឃុំ សង្កាត់ស្អាត សហគមន៍ស្អាត ទីក្រុងស្អាត។
ព្រមជាមួយនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍បន្ថែម ដើម្បីឲ្យគ្រប់គ្នាចូលរួមក្នុងសកម្មភាពទីក្រុងស្អាត និងជំរុញឲ្យមានការផ្សព្វផ្សាយបន្តគឺ៖
*ទី១៖ ត្រូវចេះទុកដាក់សំរាម ឬវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល និងទម្លាប់ល្អប្រើប្រាស់ធុងសំរាម។
*ទី២៖ ចូលរួមសំអាតអនាម័យបន្ទប់ទឹក បង្គន់សាធារណៈ
*ទី៣៖ ចូលរួមដាំដើមឈើ
*ទី៤៖ ចូលរួមប្រើប្រាស់ថាមពលទឹកភ្លើងដោយសន្សំសំចៃ
*ទី៥៖ ចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដោយប្រើប្រាស់ស្លឹកចេក ស្លឹកឈូក កន្ត្រកឬស្សី ផ្តៅ លំពាក់ជាដើម។ល។ ជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទីក
*ទី៦៖ ចូលរួមគោរពច្បាប់ដើម្បីសណ្តាប់ធ្នាប់ទីក្រុងស្អាត មានភាពស៊ីវិល័យ និងសេចក្តីថ្លៃថ្នូរ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ អាជ្ញាធរក្រុងច្បារមន មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក និងប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្ត សរុបប្រមាណ១៥០នាក់ផងដែរ៕