(បាត់ដំបង)៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារគណៈកម្មការសិទ្ធមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណ:កម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ជាប្រធាន បានអញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តបាត់ដំបង ដោយមានលោក ងួន រតនៈ អភិបាលខេត្ត, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ កងកម្លាំង មន្រ្តីជំនាញនានាក្នុងសាលាខេត្ត ដើម្បីយល់អំពីការរីកចម្រើនរបស់ខេត្តនិងយន្តការដោះស្រាយទំនាស់ដីធ្លី នៅសាលាខេត្តបាត់ដំបង។
លោក ប្រាជ្ញ ចន្ទ បានជម្រាបជូនរដ្ឋបាលខេត្តក្នុងគោលបំណងស្វែងយល់អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លីនៅខេត្តបាត់ដំបងនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះលោក ងួន រតនៈ បានឡើងធ្វើរបាយការណ៍សង្ខេបស្តីអំពី ការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី និងលទ្ធផលការងាររបស់រដ្ឋបាលខេត្ត បានជោគជ័យមួយចំនួនធំគ្រាន់តែនៅសេសសល់តិចតួច ហើយរដ្ឋបាលខេត្តបាននិងបន្តធ្វើការដោះស្រាយករណីនេះបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព។
ក្នុងនោះដែរសមាជិក សមាជិកាគណៈកម្មការទី១ នៃរដ្ឋសភាបានឡើងសួរសំណួរមួយចំនួនម្នាក់ម្តងៗ ដល់លោកអភិបាលខេត្តដើម្បីធ្វើការបំភ្លឺការងារពាក់ព័ន្ធមួយចំនួនដើម្បីឆ្លើយតបមកគណ:កម្មការទី១នេះបានដឹង និងបានយល់កាន់តែច្បាស់ផងដែរ។
លោកប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ដែលបានសហការជាមួយក្រុមការងាររដ្ឋសភា(គណ:កម្មការទី១) យើងបានស្វែងយល់ ពីការងាររបស់រដ្ឋបាលខេត្ត ដែលបានខិតខំធ្វើការ ពិសេសបម្រើប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរ ហើយខិតខំដោះស្រាយបញ្ហាផ្សេងៗ ដូចជា ដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ ដោយប្រើយុទ្ធសាស្រ្ត ពង្រីកការដោះស្រាយ និងបង្រួមទំនាស់ដីធ្លីទាំងនេះបានដោយជោគជ័យ។ ម្យ៉ាងវិញទៀតសក្តានុពលលើគ្រប់វិស័យក្នុងខេត្តសេដ្ឋកិច្ច មានការរីកចម្រើនខ្លាំងកាន់តែប្រសើរឡើង។
នៅពេលបញ្ចប់ គណ:ប្រតិភូទាំងអស់ បានអញ្ជើញចុះទស្សនកិច្ចនៅរោក្រផលិតស៊ីម៉ងត៍ខនស៊ីមិន ខូ អិល ធី ឌី( CONCH) ស្ថិតក្នុងស្រុករតនៈ មណ្ឌលខេត្តបាត់ដំបង និងដើរមើលការដ្ឋាននានា និងខ្សែសង្វាក់ផលិតកម្មរោងចក្រមួយចំនួន ដោយកិច្ចសហការនិងស្វាគមន៍ទទួលរាក់ទាក់ពីថ្នាក់ដឹកនាំរោងចក្រផងដែរ៕