(ព្រៃវែង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាសង្ខីភាព ក្នុងពិធីចុះកិច្ចព្រមព្រៀង ផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា
រវាងសហគមន៍កសិកម្ម ចំនួន១៦ នៅក្នុងខេត្តព្រៃវែង ជាមួយរោងម៉ាស៊ីនកិនស្រូវ ឈុន ធំ លើការផលិតកម្មគ្រាប់ពូជស្រូវចំណី ពូជស្រូវសែនក្រអូប និងផ្ការំដូល លើផ្ទៃដី៧១៨ហិកតា។
ការចុះកិច្ចព្រមព្រៀងនេះ ដោយមានការជួយជ្រោមជ្រែង ពីកម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice SDP) និងគាំទ្រគម្រោងដោយធនាគារអភិវឌ្ឍន៍ជនបទ (RDB) លើការផ្តល់ទុនកម្ចី ដល់រោងម៉ាស៊ីន សម្រាប់ទិញពូជស្រូវ ពីសហគមន៍កសិកម្ម។
លោក កៅ ថាច បានធ្វើការអបអរសាទរ ដល់បងប្អូនសហគមន៍ទាំង១៦ និងរោងម៉ាស៊ីនស្រូវ ឈុន ធំ ដែលសម្រេចបានដល់ការចុះកិច្ចព្រមព្រៀង កសិកម្មតាមកិច្ចសន្យា ក្នុងការផលិតពូជស្រូវសុទ្ធសម្រាប់ផលិតអង្ករ មានតំលៃលក់នៅទីផ្សារក្នុងស្រុក និងនៅបរទេស ដែលការណ៍នេះធានាបាននូវនិរន្តភាពទីផ្សារពូជស្រូវរបស់បងប្អូនកសិករ។
លោក កៅ ថាច ក៏បានធ្វើការរំលឹកជូន ដល់បងប្អូនកសិករថា កន្លងមកក្នុងឆ្នាំ២០១៦ ក្នុងតំបន់ខ្លះទិន្នផលស្រូវរបស់បងប្អូន មានការធ្លាក់ចុះដោយសារកត្តាអាកាសធាតុ និងកត្តាបញ្ហាមួយចំនួន ជាហេតុធ្វើឲ្យតំលៃស្រូវ មានការធ្លាក់ចុះបើប្រៀបធៀបទៅបណ្តាឆ្នាំមុនៗ។
លោកបន្ដថា ក៏ប៉ុន្តែទន្ទឹមនេះ បញ្ហាធំបំផុតនោះ ដែលរួមចំណែកធ្វើឲ្យផលស្រូវធ្លាក់ចុះ គឺមកពីបងប្អូនប្រជាកសិករមួយចំនួន បានដាំដុះពូជស្រូវមិនសុទ្ធល្អ ទើបធ្វើឲ្យទិន្នផលធ្លាក់ និងមិនសូវបានផលល្អ ជាហេតុធ្វើឲ្យឈ្មួញបង្អាប់តំលៃ។ តាមរយៈបទពិសោធន៍នេះ ទើបយើងជំរុញឲ្យកសិករ ធ្វើការដាំដុះស្រូវដោយប្រើប្រាស់ពូជស្រូវសុទ្ធល្អវិញ។
ទន្ទឹមនេះ លោក កៅ ថាច មានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រៀងផ្គត់ផ្គង់ពូជស្រូវ ដោយកំណត់តំលៃលក់ច្បាស់លាស់ ពីរោងម៉ាស៊ីន ឈុន ធំ នេះ និងធ្វើឲ្យការផលិតរបស់បងប្អូនមាននិរន្តភាព ហើយនៅរដូវខាងមុខបងប្អូនកសិករ ក្នុងតំបន់ខេត្តព្រៃវែង នឹងមានពូជស្រូវសុទ្ធល្អសម្រាប់ដាំដុះ។
បន្ថែមលើនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមរៀបចំហិរញ្ញប្បទានឥណទានរួចជាស្រេច ដើម្បីធ្វើការគាំទ្រដល់សហគមន៍កសិកម្ម សម្រាប់គំរោងផលិតពូជស្រូវសុទ្ធនេះ ដោយអត្រាការប្រាក់អនុគ្រោះបំផុត។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក កៅ ថាច។
លោក កៅ ថាច បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានបើកការិយាល័យចល័តរបស់ខ្លួន នៅក្នុងទីរួមខេត្តព្រៃវែងរួចហើយ ដូចនេះ បងប្អូនសហគមន៍អាចធ្វើការទំនាក់ទំនង ដើម្បីសាកសួរព័ត៌មាន និងធ្វើការកម្ចីពីការិយាល័យចល័យ របស់ធនាគារអភិវឌ្ឍន៍ជនបទ បានដោយមិនចាំបាច់ឡើង ទៅភ្នំពេញឡើយ។
លោក កៅ ថាច ក៏បានសំណូមពរ ដល់បងប្អូនសហគមន៍ផលិតពូជស្រូវ សូមធ្វើការផលិតប្រកបដោយគុណភាពខ្ពស់ និងមានបទដ្ឋានច្បាស់លាស់ ដោយក្នុងនោះ លោក កៅ ថាច ស្នើសុំឲ្យមានជំនួយបច្ចេកទេស ពីមន្ទីកសិកម្មខេត្ត ដើម្បីត្រួតពិនិត្យមើលគុណភាពពូជស្រូវ មុនធ្វើការផ្គត់ផ្គង់ចូលទីផ្សារ និងបន្តស្នើសុំការគាំទ្រគំរោងនេះ ពីសំណាក់អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក និងថ្នាក់ខេត្តផងដែរ។
លោកមានជំនឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងនៅថ្ងៃនេះ នឹងនាំឲ្យមានការផ្តាស់ប្តូរជាវិជ្ជាលើការដាំដុះស្រូវ កាត់បន្ថយបានថ្លៃដើមផលិត និងបង្កើនទិន្នផលខ្ពស់ ក្នុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម របស់កសិករផងដែរ។
សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តព្រៃវែង មានផ្ទៃដីសម្រាប់ផលិតកម្មស្រូវ ចំនួន២៧៥,០០០ហិកតា ហើយផ្ទៃដីដែលផលិតបាន ទាំងស្រូវវស្សានិងស្រូវប្រាំងចំនួន២៨០,០០០ហិកតា។ បរិមាណទិន្នផលស្រូវ សរុបទទួលបានប្រមាណ១,៤០០,០០០តោន បរិមាណស្រូវនៅសល់ លើសពីតម្រូវការប្រើប្រាស់ក្នុងខេត្ត សម្រាប់ធ្វើការនាំចេញ ប្រមាណ៩៥០,០០០តោន។
ប៉ុន្តែកន្លងមក ប្រជាកសិករតែងប្រឈមបញ្ហាទីផ្សារ សម្រាប់លក់ទិន្នផលស្រូវដែលផលិតបាន។ មូលហេតុការប្រើប្រាស់ពូជស្រូវ ភាគច្រើនជាប្រភេទពូជស្រូវមិនមានតំលៃខ្ពស់លើទីផ្សារ បណ្តាលឲ្យ ពិបាកក្នុងការទទួលប្រាក់ចំណេញ ឬទូទាត់ចំណាយផលិតកម្ម។
ដោយឡែក ស្ថានភាពរបស់រោងម៉ាស៊ីនកិនស្រូវ ដែលនៅក្នុងខេត្តព្រៃវែងវិញ ភាគច្រើន បាននិងកំពុងកង្វះទុនបង្វិល សម្រាប់ប្រមូលទិញស្រូវ ពីកសិករនៅក្នុងកំឡុងពេលប្រមូលផល ដែលធ្វើឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មិនអាចស្តុក និងសម្ងួតសម្រាប់កែច្នៃ លក់ទៅកាន់ទីផ្សារបានទាន់ពេលវេលាឡើយ។
យ៉ាងណាមិញ ការអនុវត្តផលិតកម្មដំណាំស្រូវ តាមកិច្ចន្យារវាងសហគមន៍កសិកម្ម ជាមួយរោងម៉ាស៊ីនកិនស្រូវ ក៏ពិបាកក្នុងអនុវត្តផងដែរ ដោយសារម្ចាស់រោងម៉ាស៊ីន មិនមានថវិកាគ្រប់គ្រាន់ សម្រាប់ទូទាត់ឲ្យសហគមន៍បានទាន់ពេលវេលា ហេតុនេះ កសិករត្រូវបង្ខំចិត្តលក់ឲ្យឈ្មួញនាំចេញទៅក្រៅប្រទេស៕