(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់ស្វីស ដែលមានសាខារបស់ខ្លួននៅ៧០ប្រទេសនោះ បានបង្ហាញគោលបំណងជួយដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងវិស័យមួយចំនួនទៀត ដូចជាឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ការបង្ហាញឆន្ទៈជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ហាក់រំលេចនូវក្ដីរំពឹងទុកឈានទៅសម្រេចគោលដៅបន្ថែមទៀត ក្នុងគោលនយោបាយ «ធ្វើទំនើបកម្មវិស័យអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ» នៅកម្ពុជា។
គោលបំណងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Anshul Sonak អគ្គនាយកក្រុមហ៊ុន Planet One Education នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ។
លោក Anshul Sonak បានបង្ហាញពីគោលបំណងចង់ជួយ ក្រសួងការងារក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងចង់ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យមួយចំនួនទៀត ដូចជាវិស័យឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម សុខាភិបាល និងការកៀរគររកប្រភពធនធានហិរញ្ញវត្ថុជាដើម។
លោកបានបន្តថា កន្លងមក ក្រុមហ៊ុនរបស់លោក បានធ្វើការលើវិស័យទាំងនេះនៅប្រមាណ២០ប្រទេស ដូចជាស្វីសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតាមបណ្ដាប្រទេសនានានៅតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុបផងដែរ ដោយទទួលបានលទ្ធផលជោគជ័យ។
លោកបន្តទៀតថា ក្រុមហ៊ុនចង់ជួយអភិវឌ្ឍន៍ជំនាញ TVET នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ប៉ុន្តែមិនទាន់ដឹងថា តើក្រសួងចង់ឱ្យក្រុមហ៊ុនលោកជួយលើវិស័យណាផ្សេងទៀត ដូច្នេះក៏ស្នើសុំការចង្អុលបង្ហាញពីសំណាក់លោករដ្ឋមន្ត្រី ដើម្បីរៀបចំគម្រោងពាក់ព័ន្ធបន្តទៀត។
ឆ្លើយតបនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឱ្យដឹងថា កម្ពុជាពិតជាស្វាគមន៍ចំពោះបំណងចង់ជួយអភិវឌ្ឍដល់កម្ពុជា ពីសំណាក់ក្រុមហ៊ុន Planet One Education ខ្លាំងណាស់ ដូច្នេះហើយបានជាលោកលើកសំណើមួយចំនួនដល់ក្រុមហ៊ុនឱ្យពិនិត្យ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានជំនាញរបស់ក្រសួងបន្តទៀត។
លោករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញលើការគាំទ្រដល់ការធ្វើទំនើបកម្ម TVET របស់កម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ ពីព្រោះនៅកម្ពុជាបច្ចុប្បន្ន កំពុងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម លំហូរវិនិយោគិនពីបរទេសក៏កាន់តែមានការកើនឡើង ជាហេតុបណ្ដាលឱ្យកម្ពុជាជួបនូវកង្វះកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោកបានបន្ថែមថា ដំណោះស្រាយនៅចំពោះមុខបញ្ហាខ្វះកម្លាំងពលកម្មជំនាញនេះ ពិតជាមានសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយ កម្មវិធីអភិវឌ្ឍ យន្តការដោះស្រាយ បង្កើតសាលាបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាជាច្រើន ដាក់ពង្រាយនៅទូទាំងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ចាំបាច់ត្រូវការការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគ អង្គការជាតិ-អន្តរជាតិ ព្រមទាំងផ្នែកឯកជននានាចូលរួមធ្វើកិច្ចការនេះជាមួយគ្នាផងដែរ។
ដូច្នេះហើយបានជាលោករដ្ឋមន្ត្រីចង់ឱ្យក្រុមហ៊ុនជួយសហការជាមួយក្រសួងការងារ អនុវត្តកិច្ចការងារនេះឱ្យបាន ពីព្រោះនៅលើពិភពលោកអ្នកណាក៏ដឹងដែរថា ស្វីសជាប្រទេសដែលគេគ្រប់គ្នាជឿទុកចិត្តលើគុណភាពបច្ចេកទេស តាមរយៈផលិតផលល្បីៗជាច្រើន ដែលផលិតឡើងតាមស្ដង់ដារបស់ប្រទេសនេះ។
ទោះបីជាយ៉ាងណា ក៏លោកដ្ឋមន្ត្រីស្នើឱ្យមានការពិភាក្សាគ្នាឱ្យបានល្អិតល្អន់ជាមួយភាគីពាក់ព័ន្ធ មុននឹងចាប់អនុវត្តគម្រោងអភិវឌ្ឍន៍នានា៕