(ភ្នំពេញ)៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានស្នើឱ្យលោក Chris Whatley បន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការកៀរគរធនធានបន្ថែម សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដើម្បីកម្ពុជាអាចសម្រេចបានគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
ការស្នើបែបនេះរបស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Chris Whatley នាយកប្រតិបត្តិអង្គការ HALO Trust របស់សហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរលោក Chris Whatley បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសកម្មភាពមីន និងសម្រេចបានសមិទ្ធផលធំៗ ជាច្រើន។
លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះអង្គការ HALO Trust ដែលជាដៃគូដ៏សំខាន់នៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា បាននឹងកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ រួមចំណែកផ្តល់ដីសុវត្ថិភាពសម្រាប់កសាងលំនៅដ្ឋាន កសិកម្ម និងការអភិវឌ្ឍន៍នានា ការកាត់បន្ថយភាពក្រីក្រ ជាពិសេសការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ទន្ទឹមនឹងនេះដែរ លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរួមចំណែកផ្តល់ការគាំទ្រ ទាំងធនធានថវិកា និងបច្ចេកទេស សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដែលក្នុងនោះសហរដ្ឋអាមេរិក បានផ្តល់ជំនួយទៅកាន់អង្គការ HALO Trust កម្ពុជា សម្រាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ជាលទ្ធផលបានបោសសម្អាតផ្ទៃដីជិត២ពាន់គីឡូម៉ែត្រការ៉េ រកឃើញមីនប្រឆាំងមនុស្សចំនួន១.០៦៣.៩១៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៤.៨៣៥គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២.៧៧១.៣៤២គ្រាប់ ផ្តល់ដីមានសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន ៤៥១,២២៤ នាក់ និងបានផ្តល់ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និង ស.ផ.ស ទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់៕