(ភ្នំពេញ)៖ ធនាគារ ANZ Royal នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់យ៉ាងលម្អិតអំពីការផ្អាក និងផ្ទេរផលិតផល និងសេវាកម្មរបស់ខ្លួន ទៅឲ្យធនាគារ J Trust ដែលគ្រោងនឹងដំណើរការផ្តល់សេវា នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
ការប្រកាសពីការផ្អាក និងផ្ទេរសេវាកម្ម និងផលិតផលទៅឲ្យធនាគារ J Trust របស់ជប៉ុននេះ ធ្វើឡើងបន្ទាប់ពីធនាគារ ANZ Royal លក់ចំណែកភាគហ៊ុនដែលខ្លួនបានកាន់កាប់ ឲ្យ J Trust កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅ។
សេចក្តីប្រកាសព័ត៌មានរបស់ ធនាគារ ANZ Royal ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី២៥ ខែកក្កដានេះ បានបញ្ជាក់ថា ចំពោះគណនី នៅធនាគារ ANZ Royal គឺពុំមានការផ្លាស់ប្តូរនោះទេ ដោយលេខគណនីរបស់អ្នកប្រើប្រាស់ នឹងនៅតែរក្សាទុកដដែល បន្ទាប់ពីការផ្លាស់ប្តូរទៅធនាគារ J Trust Royal។
សៀវភៅមូលប្បទានប័ត្រ ដែលចេញដោយ ANZ Royal នឹងត្រូវផ្លាស់ប្តូរ តាមលំដាប់ពេលវេលា ដែលសមស្រប ប៉ុន្តែសៀវភៅមូលប្បទានបត្រ នឹងនៅតែអាចបន្តប្រើប្រាស់ បានរហូតដល់រយៈពេល១២ខែ បន្ទាប់ពីផ្លាស់ប្តូរ។ ចំពោះសៀវភៅគណនី ដែលចេញដោយ ANZ Royal នៅតែអាចប្រើប្រាស់បានជាធម្មតា។
ជាមួយគ្នានេះ ធនាគារ ANZ Royal នឹងផ្អាកទទួលពាក្យសម្រាប់បើកគណនីថ្មី ជូនអតិថិជនដោយរួមបញ្ចូលទាំង គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីចរន្ត និងគណនីប្រាក់បៀវត្សរ៍ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម៉ោង៤រសៀល។ សេវាបើកគណនីថ្មី នឹងចាប់ផ្តើមជាធម្មតាវិញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ ANZ Royal ទាំងស្រុង៖