(ស្វាយរៀង)៖ នៅក្នុងអង្គសន្និបាតរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយ សម្រាប់អាណត្តិទី៥ (ឆ្នាំ២០១៩-២០១៥) ដើម្បីបន្តការដឹកនាំរបស់សាខាកាកបាទក្រហមខេត្ត ទៅមុខទៀត។
ការរៀបចំធ្វើសន្និបាត សម្រាប់អាណត្តិទី៥នេះ បានធ្វើឡើងនៅសាលប្រជុំអគារ «ឃ» សាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា, លោកស្រី ដួង វណ្ណា ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសរុបចំនួន ២១៣នាក់។
ក្នុងអង្គសន្និបាតអាណត្តិទី៥នេះដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចាត់តាំងលោកស្រី ដួង វណ្ណា ជាប្រធានកិត្តិយសសាខា លោក ជុំ ហាត និងអនុប្រធានកិត្តិយសសរុបចំនួន ៩រូប។
គោលបំណងសំខាន់ នៃសន្និបាតនេះគឺ ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអនុវត្ត បន្តអាណត្តិទី៥ (២០១៩-២០២៥), បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា។
នៅក្នុងឱកាសនោះដែរ លោក ម៉ែន វិបុល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។
លោក ម៉ែន វិបុល បានបន្ថែមទៀតថា ត្រូវយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ បានជោគជ័យ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារីទទួលខុសត្រូវខ្ពស់។
ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះ មានវិស័យស្នូល៤ រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។
* អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
* យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
* យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕