(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី ស្ថិតនៅក្នុងឃុំត្រពាំងជោ ឃុំរស្មីសាមគ្គី និងឃុំអមលាំង ចូលរួមដោះស្រាយជាមួយអាជ្ញាធរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋមានឈ្មោះ យូប នឿន, ស៉ីម គង់, វ៉ាន់ ពន, ស៊ុន សុខ, ឈូន ជូន, ស៊ូ សំអឿន, ខាន ខន, ប៉េន វិចិត្រ, មន ខន, តំ សើ, វណ្ណ វឿន, សែម ផល្លា, ស៊ុម សៀងហេង, និង ហៃ ហន ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ ១៣០៤គ្រួសារ មកពី២៣ភូមិ ស្ថិតនៅឃុំត្រពាំងជោ និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលរងផលប៉ះពាល់ពីសម្បទានដីសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករស នាំចេញរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ និងកំពង់ស្ពឺផ្លេនថេសិន បានមកដាក់ពាក្យបណ្តឹងតវ៉ា នៅទីស្តីការក្រសួង សូមឱ្យក្រសួងពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីរបស់ពួកគាត់ និងចោទប្រកាន់ក្រុមការងារក្រសួងថា បានបង្ខំឱ្យប្រជាពលរដ្ឋ ទទួលយកដំណោះស្រាយ។
ពាក់ព័ន្ធនឹងដីវិវាទក្នុងទីតាំងទាមទារខាងលើ កន្លងមកក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ កំពង់ស្ពឺសូហ្គ័រ កំពង់ស្ពឺផ្លេនថេសិន ក្រសួងដែនដី និងអាជ្ញាធរខេត្ត បានធ្វើការដោះស្រាយជាមួយ ប្រជាពលរដ្ឋបានចំនួន ១៦៤៥គ្រួសារ រួចហើយ។ បច្ចុប្បន្ន ក្រុមការងារ កំពុងបន្តពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ប្រមាណ ៣០៩៧គ្រួសារ៕