(តាកែវ)៖ នៅក្នុងកិច្ចប្រជុំជាមួយឱ្យចៅក្រម ព្រះរាជអាជ្ញារង និងក្រឡាបញ្ជីទាំងអស់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្ត និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានជំរុញដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវពន្លឿនចាត់ការសំណុំរឿងឱ្យបានឆាប់រហ័សបំផុត។
ទាំងលោក អ៊ាក ផល្លា និងលោក ជីវ ចាន់តារា បានថ្លែងថា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់ ចំពោះសំណុំរឿងទាំងអស់ ជាពិសេសសំណុំរឿងដែលមានមនុស្សនៅជាប់ឃុំ ធ្វើយ៉ាងណាឱ្យសំណុំរឿងនេះទទួលបានការជំនុំជំរះក្តីឱ្យបានលឿន ប្រកបដោយុត្តិធម៌ តម្លាភាព និងបានចេញសាលក្រមឱ្យឆាប់រហ័ស។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានស្នើឱ្យចៅក្រម ព្រះរាជអាជ្ញារង និងក្រឡាបញ្ជីទាំងអស់ ដែលបំពេញការងារទៅលើវិស័យយុត្តិធម៌ ត្រូវធ្វើការផ្អែកទៅលើក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីជាប្រយោជន៍អង្គភាព ជាពិសេសជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយប្រកាន់គោលជំហរ យុត្តិធម៌ និងមិនលំអៀង ពោលត្រូវចៀសឱ្យផុតនូវទង្វើទាំងឡាយណាដែលប្រព្រឹត្តមិនគួរគម្បី នាំឱ្យប៉ះពាល់កិត្តិយស អង្គភាព ប៉ះពាល់សង្គម និងធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿទុកចិត្តទៅលើស្ថាប័នតុលាការ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ លោកព្រះរាជអាជ្ញា ក៏បានសម្រេចប្រគល់ការគ្រប់គ្រង និងថែរក្សាវត្ថុតាង ដែលកន្លងមកអយ្យការជាអ្នកគ្រប់គ្រង បច្ចុប្បន្ននេះ គឺបានប្រគល់ជូនលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងជាអ្នកគ្រប់គ្រងវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ាក ផល្លា ក៏បានផ្សព្វផ្សាយអំពីកិច្ចប្រជុំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅកិច្ចប្រជុំពិភាក្សាបន្ថែមជាមួយប្រធានតុលាការ និងព្រះរាជ អាជ្ញាទូទាំងប្រទេស អំពីស្ថានភាពអ្នកជាប់ឃុំដែលមិនទាន់បានជំនុំជម្រះ និងរកដំណោះស្រាយដើម្បី បង្កើនល្បឿនការជំនុំជម្រះអ្នកជាប់ពន្ធនាគារ ឱ្យកាន់តែមានប្រសិទ្ធភាព៕