(ឧត្តរមានជ័យ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះថា នៅចុងខែសីហាខាងមុខនេះ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដំណើរការជាផ្លូវការ អនុស្ថានីយតង់ស្យុងខ្ពស់ទី១ ក្នុងខេត្តឧត្តរមានជ័យ ដែលនឹងជួយឲ្យការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្ត មានភាពទូលំទូលាយ និងស្ថេរភាពជាងពេលបច្ចុប្បន្ន។
លោក កែវ រតនៈ បានបញ្ជាក់ថា អនុស្ថានីយទី១នេះ នឹងភ្ជាប់បណ្តាញជាតិតាមរយៈខ្សែតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ដែលជាអនុស្ថានីយទី១ របស់ខេត្តឧត្តរមានជ័យ ដែលពីមុនមកមិនដែលមាន អនុស្ថានីយប្រចាំខេត្តនេះទេ ព្រោះតែខេត្តនេះនៅឆ្ងាយ ផ្លូវថ្នល់មិនល្អពិបាកក្នុងភ្ជាប់បណ្តាញ ប៉ុន្តែឥឡូវនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានផ្លូវថ្នល់ល្អ ពុំមានសង្គ្រាម ធ្វើឲ្យទីលានដែលធ្លាប់ប្រយុទ្ធស្លាប់រស់រវាងខ្មែរ និងខ្មែររាប់សិបឆ្នាំមកនេះ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យ មានសន្តិភាពពេញបរិបូរណ៌ ទើបលេចឡើងនូវអនុស្ថានីយតង់ស្យុងខ្ពស់ទី១នេះឡើង។
អនុស្ថានីយទី១នេះ នឹងផ្តល់ផ្លែផ្កាជាច្រើនដល់ខេត្តឧត្តរមានជ័យ ព្រោះនឹងជួយពង្រីកវិសាលភាពនៃការផ្គត់ផ្គង់អគ្គិសនី ឲ្យបានទូលាយជាងបច្ចុប្បន្នដែលអនុញ្ញាតឲ្យ អគ្គិសនីនៅខេត្តនេះ មានការផ្គត់ផ្គង់ផ្ទាល់ពីបណ្តាញជាតិ ដែលមានស្ថិរភាពខ្ពស់ ដែលផ្តល់ឲ្យការដល់ការអភិវឌ្ឍន៍ដល់មូលដ្ឋាន ដូចជាការប្រកបរបររកស៊ី បើករោងចក្រ និងសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «អនុស្ថានីយតង់ស្យុងខ្ពស់ទី១ នៅខេត្តឧត្តរមានជ័យ នឹងដាក់ឲ្យដំណើរការផ្លូវការខែសីហានេះ ដោយភ្ជាប់ទៅបណ្តាញជាតិ តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល។ សមិទ្ធផលថ្មីនេះអាចចេញរូបរាងបានដោយសារខេត្តនេះ មានសន្តិភាពពេញលេញ និងព្រំដែនក៏ទទួលបានការការពារពីបងៗកងទ័ព និងនគរបាលខ្មែរ ដែលមានសេចក្តីក្លាហាន និងការទទួលខុសត្រូវខ្ពស់ ក្រោមបទបញ្ជានិងការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន។ ទៅថ្ងៃមុខអនុស្ថានីយនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ក្នុងខេត្តដាច់ស្រយាលមួយនេះ»។
សូមជម្រាបថា រៀងរាល់ជាង២ខែម្តង លោក កែវ រតនៈ តែងតែបានដឹកនាំក្រុមការងារចុះ ទៅកាន់តំបន់ប្រាសាទតាមាន់ ដើម្បីសួរសុខទុក្ខកងទ័ព នៅកងពលតូចថ្មើរជើងលេខ៤២ និងនគរបាលព្រំដែនគោកលេខ៧០២។ ក្នុងឱកាសចុះសំណេះសំណាលនោះដែរ លោកតែងតែនាំយកនូវអំណោយ ថវិកា និងគ្រឿងឧបភោគបរិភោគ យកទៅចែកជូនកងកម្លាំងការពារព្រំដែនផងដែរ៕