(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានដែកបាឡេ ៥កន្លែង ស្ថិតក្នុងភូមិចំការខ្លុយ ភូមិផ្សារអណ្តែត ភូមិចំការអូរ ភូមិអូរតាប៉ោង ភូមិរបោះរាំង និងភូមិប្រាសាទ ឃុំរំលេច និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល របស់បងប្អូនប្រជាពលរដ្ឋទូទៅ។
ពិធីនេះត្រូវបានធ្វើឡើង នៅទីតាំងស្ពាននីមួយៗ ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានថ្លែងការកោតសរសើរ ដល់មន្ទីរសាធារណៈការខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានជួយគិតគូរ និងជំរុញហេដ្ឋារចនាសម្ព័ន្ធនេះឡើង ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ក្នុងខេត្តពោធិ៍សាត់របស់យើង ឱ្យមានការរីចចម្រើនយ៉ាងលឿន។ លោកបានបន្ថែមថា ស្ពានដែកបាឡេទាំង៥កន្លែង ក្នុងឃុំរំលេច និងឃុំអូរតាប៉ោង ស្រុកបាកាន គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ផ្តើមចេញពីវប្បធម៌សាមគ្គីចែករំលែក ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។
លោកបានបន្តថា សមិទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាក ព្រោះគ្មានស្ពានឆ្លងកាត់ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន និងទៅកាន់មណ្ឌលសុខភាព ដែលកន្លងមកជួបការលំបាកជាខ្លាំង នៅរដូវវស្សា។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ជាក់ស្តែងដូចជាស្ពានដែកបាឡេទាំង៥កន្លែង និងផ្លូវកៅស៊ូតភ្ជាប់ពីឃុំរំលេច ទៅកាន់ឃុំអូរតាប៉ោងនេះស្រាប់។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋក្នុងឃុំរំលេច និងឃុំអូរតាប៉ោង សូមបន្តថែរក្សា សមិទ្ធផលដ៏មានតម្លៃ របស់ជាតិ ក៏ដូចជារបស់ខ្លួនយើងផ្ទាល់ និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យបានឋិតថេរគង់វង្សតរៀងទៅ។ ជាងនេះទៅទៀត គប្បីកុំជឿលើជនមួយក្តាប់តូច ដែលដើរតែភូតភរ និងសន្យាខ្យល់, សូមចូលរួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបានបន្តគ្រប់គ្រង ដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយនឹងការសាទរនូវសមិទ្ធផលនេះ ប្រជាពលរដ្ឋនៅទីនោះ ក៏បានសំណូមពរឲ្យអាជ្ញាធរខេត្ត ស្រុក ផ្តល់ជូនផ្លូវក្រាលគ្រួសក្រហមបន្ថែមទៀត ដើម្បីងាយស្រួលធ្វើដំណើរ នៅពេលមានភ្លៀងម្តងៗ និងបើកទឹកពីប្រឡាយមេចូលបឹងរំលេច បានប្រើប្រាស់ក្នុងការស្រោចស្របដំណាំកសិកម្ម ជីវិតមនុស្ស សត្វ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕