(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បងប្អូនអាជីវករនាំចេញកសិផលដំឡូង និងពោតតាមមាត់ច្រកភ្នំដី ខេត្តបាត់ដំបង បានសុំការអន្តរាគមន៍បន្ទាន់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងដំណើររឿងដែលក្រុមហ៊ុនបេនភាស៊ី របស់ក្រុមហ៊ុនប្រមូលផ្តុំភាស៊ី ប្រចាំមាត់ច្រកភ្នំដីនេះ បានកាក់ឡានចូលមកដឹកកសិផលនាំចេញ ខុសពីគោលការណ៍ណែនាំ និងរំលោភបំពានប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមខ្លឹមសារនៃលិខិតលេខ ៦៥៩៩សហវចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ និងលិខិតលេខ២៤៥ សហវ អទច ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយខ្លឹមសារនៃលិខិត គឺបានអនុញ្ញាតិឲ្យរថយន្តដឹកកសិផលនាំចេញគ្រប់ប្រភេទ រត់ត្រង់ពីមាត់ច្រកទៅដល់គោលដៅសៃឡូ ប្រពលរដ្ឋតែម្តង ដោយពុំចាំបាច់ឆ្លងកាត់ចំណតបេនភាស៊ី ឬផែស្ងួតឡើយ។
បើតាមបងប្អូនអាជីវករនាំចេញកសិផលបានបញ្ជាក់ថា គោលការណ៍ណែនាំទាំងអស់នេះធ្លាប់ត្រូវបានលោកបណ្ឌិត ឈន សុភាព អនុរដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់មកប្រជុំផ្សព្វផ្សាយម្តងរួចមកហើយ តែក្រុមហ៊ុនបេនភាស៊ីនេះ នៅតែមិនព្រមអនុវត្តន៍តាមឡើយ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច ក៏បានចេញលិខិតមួយទៀត ស្នើឲ្យអភិបាលខេត្តបាត់ដំបង ពង្រឹងការអនុវត្តន៍ខ្លឹមសារលិខិត លេខ៦៥៩៩ សហវ របស់ក្រសួងដែលបានចេញពីលើកមុនឲ្យមានប្រសិទ្ធិភាព ក៏ប៉ុន្តែខាងអាជ្ញាធរដែនដីហាក់បីដូចជាស្ងៀមស្ងាត់ មិនឃើញផ្សព្វផ្សាយព័ត៌មាននេះ ឲ្យបានដឹងដល់អាជីវករ ឬអ្នកនាំចេញឡើយ ដោយបន្តឲ្យបេនភាស៊ីខាងលើ ធ្វើអ្វីស្រេចតែអំពើចិត្តរបស់ខ្លួន ដោយដាក់កុងត្រូលប៉ារ៉ាស់លើផ្លូវសាធារណៈរបស់រដ្ឋកាក់ឡាន ដឹកកសិផលទារលុយក្នុង១ក្បាលឡាន៣ម៉ឺនរៀល (បីម៉ឺនរៀល) ដោយមិនញញើតលិខិតរបស់ក្រសួងសេដ្ឋកិច្ចបន្តិចណាសោះឡើយ។
អាជីវករបានឲ្យដឹងទៀតថា ជាក់ស្តែងនៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បេនភាស៊ីមាត់ច្រកភ្នំដី បានកាក់ឡានមួយចំនួនដែលចូលមកដឹកកសិផលពោតនាំចេញ ទារប្រាក់ធ្វើឲ្យអ្នកនាំចេញមានការក្តៅក្រហាយយ៉ាងខ្លាំង ដោយសារខកខានក្នុងការនាំចេញ ព្រោះតែការការរំខាន កាក់ឡានពីសំណាក់ក្រុមហ៊ុនបេនភាស៊ីខាងលើនេះ។
បងប្អូនប្រពលរដ្ឋ និងអ្នកនាំចេញទាំងអស់សូមសំណូមពរ ដល់សម្តេចក្រឡាហោម ស ខេង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ឲ្យក្រុមហ៊ុនភាស៊ីខាងលើ បញ្ឈប់សកម្មភាពកាក់ឡានដឹកកសិផលនាំចេញទារលុយខុសច្បាប់តទៅទៀត និងឲ្យអនុវត្តន៍គោរពតាមខ្លឹមសារប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបើកផ្លូវ និងសំរួលដល់ការនាំចេញកសិផលរបស់ប្រពលរដ្ឋខេត្តបាត់ដំបង ក៏ដូចជាជួយ លើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានផងដែរ៕