(កំពង់ស្ពឺ)៖ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំដើម្បីជួយពង្រឹងការងារ និងស្តាប់អំពីបញ្ហាប្រឈមពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្វែងយល់អំពីការងារសេសសល់ពីអាណត្តិមុន និងការងារត្រូវធ្វើ ឬបន្តធ្វើនៅអាណត្តិនេះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកបរសេដ្ឋ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបរសេដ្ឋ បានលើកឡើងថា មន្ត្រីយើងត្រូវខិតខំដោះស្រាយ សំណូមពរប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងពិគ្រោះជាមួយក្រុមការងារឃុំ ដើម្បីចេញជាដំណោះស្រាយដល់ប្រជាពលរដ្ឋ។
បន្ទាប់ពីការធ្វើមតិស្វាគមន៍របស់លោក សៅ រិទ្ធ អភិបាលរងស្រុកបរសេដ្ឋរួចមក លោកទេសរដ្ឋមន្ត្រីបានដឹកនាំការប្រជុំ ដោយអនុញ្ញាតឱ្យមេឃុំឡើងធ្វើរបាយ ការណ៍។ ក្នុងនោះឃុំចំនួន១៤ លើ១៥បានឡើងរាយការណ៍អំពី ការអភិវឌ្ឍក្នុងឃុំ សន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាដែលជួបប្រទះ ដើម្បីស្នើសុំដំណោះស្រាយ។ ជារួមនៅគ្រប់ឃុំមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើន។ បញ្ហាប្រឈមដែលឃុំជួបប្រទះ និងលើកឡើងមានអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ បរិស្ថាន ផ្លូវ អគ្គិសនី ធនធានទឹក និងគ្រោះថ្នាក់ចរាចរណ៍។
ជាដំណោះស្រាយ លោកទេសរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល ប្រធានការិយាល័យស្រុក លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោកប្រធានមន្ទីរធនធានទឹកឡើង ឆ្លើយបំភ្លឺ និងចូលរួមដោះស្រាយ។
ថ្លែងបូកសរុបកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា បន្ទាប់ពីស្តាប់របាយការណ៍ យើងអាចក្តាប់បាននូវបញ្ហានៅតាមឃុំ។ ដូច្នេះយើងនឹងពិគ្រោះជាមួយក្រុមការងារឃុំ ដើម្បីចេញជាដំណោះស្រាយដល់ប្រជាពលរដ្ឋ។ បញ្ហាបរិស្ថាន គឺកសិដ្ឋាន ខ្វះការវេចខ្ចប់។ មន្រ្តីយើងត្រូវខិតខំដោះស្រាយ។ ការិយាល័យបរិស្ថាន កសិកម្ម និងសាលាស្រុកត្រូវចុះទៅពិនិត្យថា ទីតាំងកសិដ្ឋាននោះបានធ្វើតាមច្បាប់ទេ និងត្រូវណែនាំឱ្យធ្វើការកែលម្អ។ ចំណែក រឿងធនធានទឹក ផ្លូវ អគ្គិសនី យើងទាក់ទងទៅខេត្ត ដើម្បីបញ្ជាក់ថា គម្រោងនឹងលើកយកទៅអនុវត្តពេលណា? ឯបញ្ហាអត្រានុកូលដ្ឋាន យើងបានដឹងថា មានការខ្វះខាតទម្រង់បែបបទច្រើន។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យយុវជនចូលរួមបានច្រើន គួររៀបចំឱ្យមានកម្មវិធីកម្សាន្តសប្បាយ បន្ទាប់មកចាំធ្វើការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានសង្កត់បញ្ជាក់ជូន អ្នកចូលរួមកិច្ចប្រជុំឱ្យទុកចិត្តលើរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលដៅកាន់អំណាចយូរអង្វែង។ ដូច្នេះ មន្ត្រីរបស់យើងត្រូវខិតខំដោះស្រាយ នូវសំណូមពរប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី បានថ្លែងថា ក្រុមប្រឆាំង អត់អាចរស់ឡើងវិញទេ។ ឥឡូវនេះក្រុមប្រឆាំងមានតែផ្លូវ២ទេគឺ ១) ចូលរួមលើកស្ទួយប្រជាធិបតេយ្យ ដោយចូលរួមក្នុងការ បោះឆ្នោត និង២) ចូលរួមជាក្រុមឧទ្ទាម ដែលនឹងទទួល ការបង្រ្កាប។ បើបង្កចលាចលយើងនឹងបង្រ្កាប មិនឱ្យមានជាដាច់ខាត។ បើប្រព្រឹត្តខុសច្បាប់ យើងនឹងអនុវត្តច្បាប់ ហើយធ្វើការបង្ក្រាបភ្លាមៗ៕