(ភ្នំពេញ)៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា ចំនួនបុព្វលាភក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា មានការរីកធំធាត់យ៉ាងឆាប់រហ័ស ដោយមានបុព្វលាភធានារ៉ាប់រងដុល សរុប៣៥% ជាមធ្យមក្នុង១ឆ្នាំ ហើយរយៈពេល៥ឆ្នាំចុងក្រោយនេះ កើនឡើងដល់១៩៦.៤លានដុល្លារក្នុងឆ្នាំ២០១៨។
លោកស្រីបញ្ជាក់ទៀតថា បុព្វលាភក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ត្រូវបានព្យាករណ៍ថា កើនឡើងដល់២៦០លានដុល្លារនៅចុងឆ្នាំនេះ។
ការលើកឡើងបែបនេះ របស់លោកស្រីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចធ្វើឡើង ក្នុងឱកាសដែលលោកស្រីអញ្ជើញចូលរួមក្នុងកម្មវិធី «ទិវាធានារ៉ាប់រងលើកទី១» រៀបចំឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ រៀបចំឡើងក្រោមការចូលរួមពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
លោកស្រី ងួន សុខា បានបន្ដថា «ជាមួយកំណើននៃការរីកធំធាត់ នៃវិស័យធានារ៉ាប់រងនៅកម្ពុជានេះ ក៏ឃើញថា មានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣១ក្រុមហ៊ុន ដោយក្នុងនោះ១៣ក្រុមហ៊ុន ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ, ១១ក្រុមហ៊ុនជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង៧ក្រុមហ៊ុនជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច»។
លោកស្រីបញ្ជាក់ថា ក្នុងនោះក៏មានក្រុមហ៊ុនធានារ៉ាប់រងបន្ដចំនួន១, ប្រតិបត្តិករសុខភាពចំនួន៣, ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន៣, ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន១៦ និងក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន២២។
លោកស្រីបន្ថែមថា ក្រុមហ៊ុនទាំងអស់មានគ្រប់ប្រភេទទាំង ក្រុមហ៊ុនបរទេស១០០% និងក្រុមហ៊ុនក្នុងស្រុក១០០% និងក្រុមហ៊ុនចំរុះ។ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់មានទ្រព្យសកម្ម ៤២៧.៣លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកចំនួន២៤៣.៩លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។
លោកស្រីបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨ ទីផ្សារធានារ៉ាប់រងកម្ពុជា បានធានាហានិភ័យ (Sum Insured) ចំនួន២១៨ប៊ីលានដុល្លារអាមេរិក ក្នុងបណ្ណសន្យារ៉ាប់រងចំនួន២.៧លានបណ្ណ ក្នុងនោះបណ្ណសន្យារ៉ាប់រងទូទៅចំនួន១៣២ពាន់បណ្ណ, បណ្ណសន្យារ៉ាប់រងអាយុជីវិត ៣៨៣ពាន់បណ្ណ និង២.២លានបណ្ណសន្យារ៉ាប់រងខ្នាតតូច។ ក្នុងការធានាហានិភ័យទាំងអស់នេះ ក្រុមហ៊ុនធានារ៉ាប់រង បានរៀបចំបង្កើតផលិតផលធានារ៉ាប់រងគ្រប់ប្រភេទ សម្រាប់អតិថិជនមានដូចជា៖ ផលិតផលធានារ៉ាប់រងលើទ្រព្យសម្បត្តិ, អគ្គិភ័យ, ផលិតផល, ធានារ៉ាប់រងវិស្វកម្ម, ផលិតផលធានារ៉ាប់រង ការដឹកជញ្ជូនទំនិញ, ផលិតផលធានារ៉ាប់រងយានយន្ត, ផលិតផលធានារ៉ាប់រងសុខភាព, ផលិតផលធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់, ផលិតផលធានារ៉ាបរងអាយុជីវិតមួយជីវិតកាលជាដើម។
លោកស្រីបញ្ជាក់ផងថា ជាមួយកំណើនទីផ្សារក្នុងឆ្នាំ២០១៨នេះ គ្រឹះស្ថានធានារ៉ាប់រងទាំងអស់បានបង្កើតការងារពេញម៉ោង៣ពាន់កន្លែង និងការងារក្រៅម៉ោង៩ពាន់កន្លែង។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា «ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានឃើញថា វិស័យធានារ៉ាប់រងបាន និងកំពុងបន្តរីកចម្រើនទៅមុខគួរជាទីមោទនៈជាមួយនឹងការបោះជំហានទៅមុខ ប្រកបដោយភាពរឹងមាំ»។
លោកអគ្គបណ្ឌិតសភាចារ្យបានបន្ដថា នេះគឺជាសក្ខីកម្មមួយបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនង នៃការបែងចែកផ្លែផ្កា នៃការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ ជាមួយការអភិវឌ្ឍនៃវិស័យធានារ៉ាប់រង។
លោកអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា «វិស័យធានារ៉ាប់រងកំពុងក្លាយជា សសរស្តម្ភមួយទៀត នៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ហើយវិស័យនេះ កំពុងជំរុញឱ្យមានការរីកចម្រើន លើវិស័យជាច្រើនផ្សេងទៀត។ ជាក់ស្តែងបុព្វលាភធានារ៉ាប់រង អាចត្រូវបានប្រើប្រាស់ ជាមូលនិធិសន្សំក្នុងប្រព័ន្ធធនាគារ ឬអាចជាមូលនិធិវិនិយោគលើទីផ្សារមូលធន និងការវិនិយោគផ្សេងទៀតជាដើម»។
លោកអគ្គបណ្ឌិតសភាចារ្យបានបន្ដថា ទន្ទឹមនេះវិស័យធានារ៉ាប់រង បានចូលរួមចំណែក ក្នុងការកសាងភាពស៊ាំ ដើម្បីទប់ទល់នឹងវិបត្តិបណ្តាលមកពីគ្រោះមហន្តរាយ ពិសេសពីគ្រោះធម្មជាតិ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ នេះកំពុងក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់តំបន់ និងពិភពលោក។ ប្រទេសកម្ពុជាជាសមាជិកស្ថាបនិក របស់គម្រោងគ្រប់គ្រង គ្រោះមហន្ដរាយនៅអាស៊ីអាគ្នេយ៍ ដែលគម្រោងនេះត្រូវបានគាំទ្រ ដោយប្រទេសជប៉ុន និងធនាគារពិភពលោក៕