(កំពង់ធំ)៖ គ្រឹះស្ថាន ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដល់ប្រជាពលរដ្ឋចំនួនប្រមាណជាង ១២០ នាក់ ដែលរស់នៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកមេឃុំព្រៃគុយ លោកមេភូមិ និងលោកប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក ផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន គឺជាគ្រឹះស្ថាន និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារ ណុងហឹប នៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ណុងហឹប គឺជាធនាគារ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៦១ ដោយប្រើប្រាស់ដើមទុនក្នុងស្រុករបស់ប្រទេសកូរ៉េ ១០០ភាគរយ ហើយធនាគារនេះ គឺជាធនាគារឯកទេសដែលគ្រប់គ្រងប្រាក់បញ្ញើទាំងថ្នាក់មជ្ឈិម និងថ្នាក់តំបន់របស់រដ្ឋាភិបាលប្រកបដោយសុវត្ថិភាព ដោយមានបណ្តាញ សាខាធំទូលាយជាងគេទូទាំងប្រទេស។
កេរិ៍តឈ្មោះរបស់ធនាគារនេះ មិនត្រឹមតែលេចធ្លោលើសេវាកម្មផ្នែក ហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានតួនាទី ក្នុងការលើកតម្កើងសុខមាលភាព សង្គម និងកសិកម្មនៅសាធារណរដ្ឋកូរ៉េទៀតផង។ ណុងហឹប បានជ្រៀតខ្លួនចូលក្នុងទីផ្សារក្រៅប្រទេស តាមរយៈសាខាធនាគារនៅបរទេសដូចជា សហរដ្ឋអាមេរិក វៀតណាម និងសាខាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅ មីយ៉ាន់ម៉ា និងកម្ពុជា និងមានការិយាល័យតំណាងនៅប្រទេសចិន និងឥណ្ឌា។
ណុងហឹប ហ្វាយនែន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញយកភាគហ៊ុនទាំងស្រុង ១០០ភាគរយ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ និងខេត្តចំនួន៨ រួមមាន កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប និងកំពង់ធំ។
ក្រៅពីសេវាកម្មហិរញ្ញវត្ថុដែលជាអាជីវកម្មស្នូលរបស់ខ្លួន ណុងហឹប ហ្វាយនែន បានចូលរួមចំណែកក្នុងកិច្ចការសង្គមយ៉ាងសកម្ម ដើម្បីជួយដល់អតិថិជនរបស់ខ្លួន ក្នុងការកែលំអរកំរិតជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការអនុវត្តន៍កម្មវិធី ស្តីពីឥណទានផ្សារភ្ជាប់នឹងការអប់រំ (CWE) ដើម្បីផ្តល់ជូននូវវគ្គបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋនៅទីជនបទ ទោះជាអតិថិជនក្តី និងមិនមែនជាអតិថិជនក្តី អំពីបច្ចេកទេសកសិកម្ម ដែលក្នុងនោះរួមមាន បច្ចេកទេសចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ បច្ចេកទេសលើផលិតកម្មដំណាំស្រូវជាដើម រួមទាំងការបណ្តុះបណ្តាលពីបច្ចេកទេសនៃការវេចខ្ចប់ និងសុវត្ថិភាពចំណីអាហារ ការបណ្តុះបណ្តាលពីការគ្រប់គ្រងថវិកាគ្រួសារ និងការអប់រំសហគមន៍លើផ្នែកសុខភាព និងអនាម័យផងដែរ៕