(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ មានអ្នកជំងឺ បានមកទទួលសេវាព្យាបាលពីមន្ទីរពេទ្យកុមារជាតិចំនួនរហូតដល់ ១២៨,០៤២នាក់ បើធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ គឺមានការកើនឡើងយ៉ាងច្រើន។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានទទួលជួបសំណោះសំណាល ជាមួយនឹងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំសមាគមសិល្បកខ្មែរ ចុះមើលពីភាពខ្វះខាតនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីស្វែងរកធនធាន តាមរយៈមធ្យោបាយផ្សេងៗ ដើម្បីយកថវិកា មកជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារជាតិ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានលើកឡើងទៀតថា មន្ទីរពេទ្យកុមារជាតិនៅក្នុងឆ្នាំ២០១៩នេះ គឺមានអ្នកជំងឺបានចូលមកទទួលសេវាព្យាបាលយ៉ាងច្រើន ខណៈបើប្រៀបធៀបជាមួយ នឹងឆ្នាំមុននេះ គឺមានការកើនឡើងស្ទើរតែ២ដង។ ដោយសារតែកត្តាអ្នកជំងឺ មានការកើនឡើងជាច្រើនដូចនេះ បានធ្វើឱ្យមន្ទីរពេទ្យមានការខ្វះខាតជាច្រើន ទាំងថវិកា ទាំងអគារ និងគ្រែសម្រាប់អ្នកជំងឺ រូមជាមួយឧបករណ៍ក្នុងការជួយសង្គ្រោះអ្នកជំងឺ និងសេវាផ្សេងៗជាច្រើនទៀត។
នាយកមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ទៀតថា ដោយសារតែប្រជាជនភាគច្រើននៅពេលច្ចុប្បន្ននេះ បានចាប់អារម្មណ៍ក្នុងប្រើប្រាស់សេវាមន្ទីរពេទ្យរបស់រដ្ឋ កាន់តែច្រើន បានធ្វើឱ្យមន្ទីរពេទ្យ ជួយបញ្ហាចំបងធំបំផុតនោះ គឺបញ្ហាអគារសម្រាប់អ្នក ជំងឺស្នាក់នៅ រួមទាំងសំភារៈជួយសង្គ្រោះផ្សេងៗ ខណៈដែលថ្នាំសង្កូវសម្រាប់ប្រើប្រាស់ប្រចាំឆ្នាំមួយចំនួនធំ គឺបានគ្រប់គ្រងដោយ ក្រសួងសុខាភិបាលរួចហើយ។ លោកក៏បញ្ជាក់ទៀតថា ក្នុងឆ្នាំនេះ មានអ្នកជំងឺបានចូលមកពេញរហូតតែម្តង ហើយសូម្បីតែកន្លែងដែលទុកឱ្យអ្នកមកមើលអ្នកជំងឺសម្រាប់អង្គុយ ក៏បានដាក់គ្រែអ្នកជំងឺពេញអស់ផងដែរ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ឱ្យថា បើគិតចាប់ពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានអ្នកជំងឺមកពិនិត្យ ព្យាបាល សរុបមាន ១០៦,៨៥៨នាក់ និងអ្នកជំងឺមកសម្រាក ព្យាបាលសរុបមាន ២១,១៨៤នាក់ ដែលសរុបទាំងអស់ មានរហូតដល់ ១២៨,០៤២នាក់។ ក្នុងចំណោមអ្នកមកពិនិត្យ និងសម្រាកព្យាលបាលជិត១៣ម៉ឺននាក់នេះ មានអ្នកជំងឺគ្រុនឈាមបានចេញពីមន្ទីរពេទ្យសរុប ៥,២០៧នាក់ផងដែរ៕