(ភ្នំពេញ)៖ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មានអង្គភាព Fresh News ថា ក្រោយបញ្ចប់ការសួរនាំតំណាងអយ្យការ បានសម្រេច ចោទប្រកាន់មន្រ្តីនគរបាលចំនួន៥រូប ក្នុងនោះ៣នាក់ កំពុងឃាត់ខ្លួន និង២នាក់ផ្សេងទៀតកំពុងគេចខ្លួន ពាក់ព័ន្ធការអន្តរាគមន៍រត់ការដោះលែងជនជាតិចិនមួយក្រុម ដែលរងការចាប់ ខ្លួននៅខេត្តកំពង់ស្ពឺ រឿងប្រព្រឹត្តបទល្មើស។
មន្រ្តីនគរបាលទាំង៥រូប រួមមាន៖
*ទី១៖ ឈ្មោះ ថា ស្រីលក្ខណ៍ ភេទស្រី (គេចខ្លួន) ត្រូវចោទពីបទផ្តើមគំនិតក្នុងអំពើរសូកប៉ាន់ តាមបញ្ញត្តិច្បាប់មាត្រា២៨ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ
*ទី២៖ ឈ្មោះ ជិន វេងលាង ភេទប្រុស (គេចខ្លួន)
*ទី៣៖ ឈ្មោះ សឿ សុថា ភេទប្រុស
*ទី៤៖ ឈ្មោះ រត្ន័ ពិន្ទ ភេទប្រុស
*ទី៥៖ ឈ្មោះ វណ្ណ សុភាព។ អ្នកទាំង៤នាក់ ត្រូវបានចោទបទ សមគំនិតក្នុងអំពើរចាប់ឃុំឃាំង តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៣ មាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ ច្បាប់ស្តីពីការប្រឆាំងអំពើរពុករលួយ។ ក្រោយតំណាងអយ្យការបានចោទប្រកាន់ សំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ តាមនីតិវិធីតុលាការ។
សូមជំរាបជូនថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ACU បានបញ្ជូនមន្ត្រីនគបាលដែលគេស្គាល់ថា ២នាក់ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀត ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅកាន់តុលាការជាថ្មីម្តងទៀត ដើម្បីបន្តនីតិវិធីពាក់ពន្ធ័ករណីរត់ការអន្ដរាគមន៍ដោះលែងជនជាតិចិន។
ការសម្រេចបញ្ជូនក្រុមជនសង្ស័យជាមន្ត្រីនគបាលនេះ គឺជាលើកទី២ហើយ បន្ទាប់ពីក្រុមនេះត្រូវតំណាងអយ្យការបញ្ចប់ការស៊ើបសួរ ហើយប្រគលើឲ្យខាង ACU បន្តបើកករណីលើក្រុមនិងអ្នកពាក់ពន្ធ័ដ៍ទៃទៀត ។
សូមបញ្ជាក់ថា មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ដ្រីនគរបាលទាំង៣រូប ដែលត្រូវចាប់ និងបញ្ជូនខ្លួនទៅតុលាការ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ មាន២នាក់ ជមន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
ជនជាតិចិនទាំងអស់នេះ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត៕