(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការការពារសារណា ថ្នាក់បរិញ្ញាវិទ្យាសាស្រ្តកសិកម្ម ឆ្នាំ២០១៨-២០១៩ ដែលរៀបចំធ្វើឡើង នៅសាលាជាតិកសិកម្មព្រែកលៀប។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក-លោកស្រី មន្ត្រីរាជការ និងនិស្សិតយ៉ាងច្រើនកុះករ។
លោកបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាលាមាននិស្សិតកំពុងសិក្សាចំនួន ៩៩៣នាក់ បែងចែកជា០៩ជំនាញរួមមាន៖ ជំនាញវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រសត្វ ព្រៃឈើ ជលផល សាកវប្បកម្ម ផ្សព្វផ្សាយនិងអភិវឌ្ឍន៍ជនបទ សេដ្ឋកិច្ចកសិកម្ម កសិឧស្សាហកម្ម សុរិយោដីនិងវិស្វកម្មកសិកម្ម។ មានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការចំនួន ១៥០នាក់។
លោកថា បច្ចុប្បន្នសាលា បានធ្វើសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យនានាមួយចំនួន នៅលើពិភពលោក ក្នុងគោលបំណងធ្វើការបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ ផ្លាស់ប្តូរសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សសម្រាប់ការ អប់រំ បណ្តុះបណ្តាលនៅទីនេះ ឲ្យកាន់តែល្អប្រសើរជាលំដាន់ស្របតាមការវិវឌ្ឍន៍រីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកទេស ទាំងក្នុងតំបន់ និងនៅលើពិភពលោក។
ពាក់ព័ន្ធនឹងពិធីនាព្រឹកនេះ មាននិស្សិតសរុបចំនួន ១៧៥នាក់ ដែលត្រូវធ្វើការការពារសារណា ថ្នាក់បរិញ្ញាវិទ្យាសាស្ត្រកសិកម្ម សម្រាប់ឆ្នាំ ២០១៨-២០១៩។
លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះកាតព្វកិច្ចចំបងរបស់ខ្លួនក្នុងការអប់រំ បណ្តុះបណ្តាលទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ដល់និស្សិត ក្នុងបំណងជួយលើកតម្កើនសមត្ថភាពធនធានមនុស្ស ក្នុងវិស័យកសិកម្ម ដើម្បីឲ្យពួកគេ ចូលរួមអភិវឌ្ឍន៍វិស័យនេះ បន្ទាប់ពីបញ្ចប់ការសិក្សា។
លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណជូនចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលបានជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អ ធ្វើឲ្យសាលាសម្រេច បានសមិទ្ធិផលជាច្រើនមកដល់ពេលនេះ។
លោកបានបន្តថា ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មមិនអាចឈប់ទ្រឹងបានទេ ផ្ទុយទៅវិញត្រូវតែបន្តដំណើរទៅមុខប្រកបដោយភាពចរឹងមាំ ច្បាស់លាស់ ក្នុងទិសដៅតែមួយ គឺចូលរួមអនុវត្តគោលនយោបាយចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តរភាព។
លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី និងនិសិ្សតទាំងអស់ សម្រាប់ជាទិសដៅអនុវត្តបន្តដូចតទៅ៖
ទី១៖ គណៈកម្មការរដ្ឋ និងក្មួយៗនិស្សិត ត្រូវយកចិត្តទុកដាក់លើទម្រង់សរសេរ លទ្ធផលស្រាវជ្រាវ និងការបកស្រាយខ្លឹមសារ ដែលអាចយកជាឯកសារផ្លូវការ បានទាំងបច្ចេកទេស និងវិទ្យាសាស្រ្ត និងជាពិសេស អាចដោះស្រាយបញ្ហាប្រឈម កើតចេញ ពីការវិវឌ្ឍនៃប្រទេសជាតិ ក្នុងកម្រិតមួយដែលកើតឡើង ក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន។
ទី២៖ និស្សិតដែលត្រូវឡើងការពារសារណានាពេលនេះ ត្រូវបង្ហាញនូវសមត្ថភាព និងចំណេះដឹងឲ្យអស់លទ្ធភាព ដើម្បីធ្វើការវាស់ស្ទង់ចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈលទ្ធផលស្រាវជ្រាវ អស់រយៈពេល៦ខែ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ក្រសួង គឺទំនើបកម្មកសិកម្ម និងយន្តុពាណិជ្ជកម្មកសិកម្ម។
ទី៣៖ សមាជិក សមាជិកា នៃគណៈកម្មការរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ វាយតម្លៃ ផ្តល់ពិន្ទុឲ្យបានសុក្រឹត្យប្រកបដោយតម្លាភាព និងសច្ចភាព។
ទី៤៖ លើកទឹកចិត្តដល់ក្មួយៗនិស្សិតគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សាស្រាវជ្រាវ បង្កើនសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងនាពេលអនាគត។
ទី៥៖ ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងការកសាងមន្ទីរពិសោធន៍ ឲ្យត្រូវទៅតាមសេចក្តីត្រូវការទីផ្សារធនធានមនុស្ស គឺជាកត្តាចាំបាច់បំផុតរបស់សាលាជាតិ។ ដូច្នេះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យល្បីៗក្នុងតំបន់ និងលើពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសវិទ្យាសាស្រ្ត សំដៅធ្វើយ៉ាងណាឲ្យសាលារបស់យើង ដើរតាមឲ្យទាន់នូវការវិវឌ្ឍ ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ជាពិសេស សមាហរណកម្មសហគមន៍អាស៊ាន៕