(ស្ទឹងត្រែង)៖ មន្រ្តីយោធា២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នាឆ្លងស្ពានឈើមួយកន្លែង ស្ថិតនៅចំណុចអូរមា ផ្លូវ១០១ ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំពេលដែលទឹកកំពុង ហូរគួចខ្លាំងក្រោមស្ពាន ស្រាប់តែបណ្តាលឲ្យបាក់ស្រុត ធ្វើឲ្យពួកគេធ្លាក់ចូលទឹកទាំងមនុស្ស និងម៉ូតូតែម្តងកាលពីព្រឹកម្សិលមិញ។
គិតត្រឹមវេលាម៉ោងប្រមាណជាង ១២ថ្ងៃត្រង់ទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់រកឃើញនៅឡើយទេ មិនដឹងថាស្លាប់ឬយ៉ាងណានោះឡើយ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។
ហេតុការដ៏រន្ធត់នេះ ត្រូវបានគេថតបាន និងត្រូវបានចែកចាយតគ្នាពេញបណ្តាញសង្គម បង្កើតឲ្យមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារជនរងគ្រោះ។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង សហការជាមួយនគរបាលរបស់លោក ជួយស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននោះភ្លាមៗផងដែរ។
របាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង បានបង្ហាញថា ជនរងគ្រោះទាំងពីរនាក់រួមមាន៖
*ទី១៖ ឈ្មោះ សុខ សុវណ្ណឌី
*ទី២៖ ឈ្មោះ ភី នីដាលិ។ អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ម្សិលមិញ ពួកគេទាំងពីរនាក់ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព តែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជា-ឡាវ បានបាក់ធ្លាក់ចូលពេលទឹកកំពុងហូរខ្លាំងតែម្តង។
យោងតាមមន្ត្រីយោធានៅយោធភូមិភាគទី១ បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ កំពុងតែធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដោយសារមន្ត្រីយោធាដែលជិះពីខាងក្រោយកំពុងកើតមានជំងឺគ្រុនចាញ់ និងញ័រញាក់ខ្លាំង៕