(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានណែនាំឲ្យសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវខិតខំរៀនសូត្រស្រាវជ្រាវនូវមេរៀន និងរូបមន្តសំខាន់ៗ ដែលបានរៀនរួចហើយឲ្យចេះចាំ និងយល់បានល្អ។
ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុប នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល សរុបចំនួន៥០៤ នាក់ និងលោកគ្រូ-អ្នកគ្រូ ទទួលបន្ទុកបំប៉នសិស្សត្រៀមចំនួន២៨នាក់។
លោក កៅ ថាច ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។
លោក កៅ ថាច បានផ្តល់អនុសាសន៍ល្អៗ មួយចំនួនដល់ប្អូនៗ ឲ្យខិតខំរៀនសូត្រ ស្រាវជ្រាវនូវមេរៀន និងរូបមន្តសំខាន់ៗ ដែលបានរៀនរួចហើយឲ្យចេះចាំ និងយល់បានល្អ ដើម្បីត្រៀមខ្លួនប្រឡង យកសញ្ញាបត្រទុតិយភូមិ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ និងបានណែនាំអំពីព័ត៌មានអាហារូបករណ៍ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ផ្តល់ជូនប្អូនៗ នៅស្រុកខ្សាច់កណ្តាល ដែលមានសមត្ថភាព សម្រាប់បន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យផងដែរ។
លោក កៅ ថាច បានធ្វើការផ្តាំផ្ញើផងដែរដល់ប្អូនៗ៖
* ត្រូវដាក់ផែនការ និងគោលដៅ ដើម្បីទទួលបានជោគជ័យនៅថ្ងៃអនាគត
* បន្តចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យអន្តរាយដល់ខ្លួន សង្គមជាតិ និងក្រុមគ្រួសារ
* បន្តចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងសមិទ្ធិផលសង្គម ដែលសម្រេចបានដោយការខិតខំប្រឹងប្រែងរាជរដ្ឋាភិបាល
* ធ្វើខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ជាមួយគ្នានេះ សម្រាប់ស្រុកខ្សាច់កណ្តាល នៅឆ្នាំខាងមុខៗ លោក កៅ ថាច នឹងរៀបចំឲ្យមានការប្រកួតកីឡាមហាជន ដើម្បីដណ្តើមពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងរៀបចំការប្រឡងយកសិស្សពូកែថ្នាក់ទី១២ ទូទាំងស្រុកខ្សាច់កណ្តាលផងដែរ។
លោក កៅ ថាច បាននាំយកប្រាក់ឧបត្ថម្ភរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សរុបចំនួន១៨,៩៨០,០០០រៀល សម្រាប់សិស្ស៥០៤នាក់ ក្នុងម្នាក់ចំនួន ១០,០០០រៀល លោកគ្រូ-អ្នកគ្រូ២៨នាក់ ក្នុងម្នាក់ៗ ៨០,០០០រៀល និងលុយឧបត្ថម្ភសម្រាប់លោកគ្រូ អ្នកគ្រូ ចូលរួមបំប៉នសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ៧,២០០,០០០រៀល និងវិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ៤,៥០០,០០០ រៀល៕