(ព្រះសីហនុ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក អ៊ុត សំអន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
សេចក្តីជូនដំណឹងក្រសួងមហាផ្ទៃ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា រាជរដ្ឋាភិបាល សម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបំពេញបេសកកម្ម តាមមូលដ្ឋានរាជធានី-ខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយខាងលើនេះ ប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។
សេចក្តីជូនដំណឹង ក៏ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ ការផ្ដល់សេវាការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក គួច ចំរើន បានរៀបរាប់ពីសភាពការណ៍សន្តិសុខសវត្ថិភាព ក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្តបង្កើតក្រុមការងារចុះល្បាតជាប្រចាំនៅពេលយប់ នៅតាមចំណុចស្មុគស្មាញមួយចំនួន ក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ បង្ការ បង្ក្រាបនូវរាល់បទល្មើសនានា កើតឡើងបានទាន់ពេលវេលា ក្នុងភូមិសាស្ត្រ ធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ។ ពិសេសលប់បំបាត់ការប្រើប្រាស់គ្រឿងញៀន នៅតាមក្លិបកំសាន្ត និងកន្លែងសប្បាយនានា និងលុបបំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនៅតាមមូលដ្ឋាន និងអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់។
ជាក់ស្តែង នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ អមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV»។
ស្នងការនគរបាលនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃនេះ ប្រតិបត្តិការដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស១៥០នាក់ ស្រី៤៨នាក់ ដែលមនុស្សទាំងអស់នេះ៩៥ភាគរយ ជាជនជាតិចិន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងរង្វង់ប្រតិបត្តិការខាងលើ បានដកហូត ជ្រុញសម្រាប់ ប្រើគ្រឿងញៀន ចំនួន៣៥ជ្រុញ និងគ្រឿងញៀន ប្រភេទ Ketamin មួយចំនួនធំផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មនុស្សទាំង១៥០នាក់ដែ លត្រូវបានចាប់ខ្លួននេះ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែកចែកឲ្យបានច្បាស់លាស់រវាងអ្នកធ្វើការ, អ្នកបម្រើ, អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕