(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានចុះសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមដោយជោគជ័យ ជូនប្រជាពលរដ្ឋចំនួន ១៣គ្រួសារ រស់នៅភូមិកំពង់ក្រសាំងលើ ឃុំកណ្តៀង ស្រុកកណ្តៀង ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ដែលមានក្លិនមិនល្អចេញពីកសិដ្ឋានចិញ្ចឹមសត្វទា និងជ្រូករបស់លោកស្រី កែ ចាន់រ៉ា ដែលបណ្តាលឲ្យរងផលប៉ះពាល់ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រោយពីចុះសម្របសម្រួល ដោះស្រាយដោយផ្ទាល់ ពីសំណាក់លោកអភិបាលខេត្ត បានធ្វើឲ្យម្ចាស់កសិដ្ឋាន យល់ព្រមឯកភាពតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដោយសុំពន្យាពេលលក់ទា ទាំង១ពាន់ជាងក្បាល នៅក្នុងកសិដ្ឋាន ឲ្យបានមុន១ខែកន្លះ ចៀសវាងធ្វើឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់អ្នកជិតខាង។
ចំពោះករណីទំនាស់ប្តឹងផ្តល់ នៃការធំក្លិនលាមកទានេះ បានកើតមានជាយូរឆ្នាំណាស់មកហើយ រហូតទៅដល់អំណាចទី៣ឯណោះ ក៏ប៉ុន្តែក្រោមគោលការណ៍ដឹកនាំ ជាលក្ខណៈគ្រួសារ និងក្រៅប្រព័ន្ធតុលាការ របស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទំនាស់ទាំងសង្ខាង យល់ស្របបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃ ព្រមទាំងដល់ពាក្យបណ្តឹងពីតុលាការវិញ ចាប់ពីពេលនេះតទៅ។ ក្នុងករណីដែលពុំបានអនុវត្តតាមកិច្ចសន្យា នៃការបញ្ឈប់ការចិញ្ចឹមទា នៅទីតាំងទំនាស់នោះ ភាគីម្ចាស់កសិដ្ឋាន ត្រូវទទួលទោសតាមផ្លូវច្បាប់។
ឆ្លៀតក្នុងឱកាសនោះលោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានសារុង១ និងបានផ្តាំផ្ញើឲ្យលោកគ្រូអ្នកគ្រូ ជាពិសេសលោកនាយកសាលាបឋមសិក្សា ហ៊ុន សែន អ៊ុមអៀប សូមធ្វើការអំពាវ គៀងគររងថវិកា ដើម្បីចាក់បំពេញដីទីធ្លាសាលា ក្នុងនោះលោកក៏មានការចូលរួមចំណែក លើការចាក់ដីបំពេញផងដែរ។
បន្ទាប់ពីបញ្ចប់ការសម្របសម្រួលរួចមក លោកអភិបាលខេត្ត បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្ថាបនា ស្ពានថ្មឆ្លងកាត់ស្ទឹងមួយកន្លែង តភ្ជាប់ពីភូមិបឹងក្រាញ់ ឃុំស្វាយលួង មកភូមិកណ្តៀង ឃុំកណ្តៀង ត្រូវចំណាយថវិកាជាង ៨០លានរៀល ដែលថវិកាទាំងអស់នោះ បានមកតាមរយៈការរៀបចំបុណ្យផ្កាសាមគ្គី របស់រដ្ឋបាលស្រុកកណ្តៀង ក្រុមការងារចុះជួយស្រុក ឃុំ និងប្រជាពលរដ្ឋនៅទីនោះ៕