(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរអភិវឌ្ឍន៍ទូទាំងខេត្ត ចំនួន៥០០នាក់។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តបានជួបនូវគ្រោះមហន្តរាយ៣៦លើក ក្នុងនោះរួមមាន គ្រោះរាំងស្ងួត១លើក, ខ្យល់កន្ទ្រាក់២៩លើក និងរន្ទះបាញ់៦លើក ដែលបណ្តាលឲ្យស្លាប់មនុស្ស៥នាក់ និងរបួស៦នាក់។
លោកអភិបាលខេត្ត បានបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានរួមគ្នា ឆ្លើយតបបានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។
បន្ទាប់ពីនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីរួចមក ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ទាំង កម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូត្រៀមសម្ភារ ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមានគ្រោះមហន្តរាយ កើតមានជាយថាហេតុបញ្ហាសំខាន់ គឺត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលាជា ពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះ ជីវិតមនុស្ស និងធ្វើការឆ្លើយតបទៅតាមសភាពជាក់ស្តែង និងទាន់ពេលវេលា៕