(ភ្នំពេញ)៖ គិតត្រឹមសប្ដាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមសរុបចំនួន ៣៣,០០០ករណី ក្នុងនោះស្លាប់ចំនួន៣៣នាក់ ដែលស្ថានភាពជំងឺគ្រុនឈាមនេះ បើប្រៀបធៀបនឹងសប្ដាហ៍កន្លងទៅមានការធ្លាក់ចុះជិត៣០០ករណី។
នេះបើតាមការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្ដ្រ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងបន្ដថា «គិតត្រឹមសប្ដាហ៍ទី២៨ (សប្ដាហ៍ទី៣នៃខែកក្កដានេះ) ជំងឺគ្រុនឈាមសរុប ចំនួន ៣៣,០០០ករណី ក្នុងនោះស្លាប់៣៣នាក់។ ស្ថានភាពជំងឺគ្រុនឈាមនេះ បើប្រៀបធៀបនឹងសប្ដាហ៍កន្លងមក មានការធ្លាក់ចុះបន្ដិច ជិត៣០០ករណី ។តែទោះជាមានការធ្លាក់ចុះក៏ដោយ ក៏មន្ដ្រីសុខាភិបាលទាំងអស់ នៅតែបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអង្កេតតាមដានគ្រប់គ្រងស្ថានភាពជំងឺ ដោយការចុះអប់រំសុខភាពប្រជាពលរដ្ឋជាបន្ដបន្ទាប់ទៀត»។
ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបន្ដថា «យើងបន្ដពង្រឹងការធ្វើសកម្មភាព លុបបំបាត់ជម្រកដង្កូវទឹកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លា ដោយត្រូវបន្ដធ្វើយុទ្ធនាការលុបបំបាត់ជម្រកទឹក ដក់ថ្លាទាំងអស់ ជាពិសេស រាល់វត្ថុដក់ទឹកមិនប្រើប្រាស់ ដែលជាបញ្ហាចម្បង។ ប៉ុន្ដែពួកយើងបានដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំមូសរួចរាល់អស់ហើយ»។
ក៏ប៉ុន្ដែប្រសិនបើរាល់ប្រភព ដែលជាកន្លែងដក់ទឹកទាំងអស់នោះ មិនកម្ទេចចោល វានឹងអាចកើតឡើងវិញផងដែរ។ ដូច្នេះ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានជួយជំរុញ ឱ្យប្រជាជនគ្រប់រូបចូលរួមធ្វើអនាម័យក្នុង និងជុំវិញគេហដ្ឋានរបស់ខ្លួន និងលុបបំបាត់រាល់ប្រភព និងជម្រកដែលដក់ទឹកថ្លា ដែលជម្រកទឹកមូសខ្លាពងបាន កើតឡើងវិញជាក់ជាមិនខាន ។ជាពិសេសនៅតាមសំបកកង់ឡានទាំងអស់ បើមិនដុត ឬកប់ចោលទេ ត្រូវដាក់អំបិល២ស្លាប់ព្រានៅក្នុងសំបកកង់ឡាន នោះ ពងដង្កូវទឹកមូសខ្លា មិនអាចពងបាននោះទេ ។
សូមជម្រាបថា គ្មានជម្រកមូសខ្លា គ្មានមូសខ្លា គ្មានមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម! ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង .... ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ៕