(ត្បូងឃ្មុំ)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការឈ្វេងយល់ និងប្រមូលព័ត៌មានលើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធាណៈ ជូនប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ។
ពិធីនេះធ្វើឡើងដោយមានការចូលរួមពី លោក អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នៅសាលាស្រុកអូររាំងឪ និងសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង ប្រធានសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មកពីស្រុកអូររាំងឪ និងស្រុកពញាក្រែក សរុបចំនួន១៨៨នាក់ទៀត។ កម្មវិធីនេះ រៀបចំឡើងពីថ្ងៃទី ២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះលោក អ៊ុក ប៊ុនឈឿន បានជម្រាបជូនអង្គវេទិកាថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការអនុវត្តតួនាទី ភារិកិច្ច គោលនយោយបាយភូមិ-ឃុំ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃត្រូវបង់ការអនុវត្តគម្រោងវិនិយោគឃុំ សង្កាត់ និងនិតិវិធីគម្រោងផែនការថវិកា និងបញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ដែលបានជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួន។
ដោយឡែកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ដដែល ដែលដឹកនាំដោយ លោក អ៊ុក ប៊ុនឈឿន ប្រធានក្រុមបានជួបប្រជុំពិភាក្សាជាមួយ នឹងអាជ្ញាធរខេត្តត្បូងឃ្មុំ និងមន្ទីរពាក់ព័ន្ធទាំងអស់ ដើម្បីសិក្សាឈ្វេងយល់ និងនាំយកនូវមតិយោបល់ និងសំណូមពររបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកអូររាំងឪ និងស្រុកពញាក្រែក ដើម្បីពិភាក្សា និងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ន អភិបាលខេត្តត្បួងឃ្មុំ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើងក្នុងនាមតំណាងប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានព័ត៌មានបន្ថែមទៀត ដើម្បីខេត្តធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋ។
លោកបានជម្រាបជូនគណៈប្រតិភូថា បញ្ហាប្រឈម និងសំណូមពរនានាដែលអង្គវេទិកាបានរកឃើញ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយបញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត។ ចំពោះបញ្ហាមួយចំនួនដែលអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន លោក ជាម ចន្ទសោភ័ន បានសំណូមពរដល់គណៈប្រតិភូ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយ។
ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ លោក អ៊ុក ប៊ុនឈឿន បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយ ដែលអាជ្ញាធរថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នាផងដែរ ដើម្បីឆ្លើយតបតាមសំណូមពរ និងតំរូវការរបស់ប្រជាពលរដ្ឋ និងខេត្តមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង។
ចំពោះបញ្ហាប្រឈម និងសូមណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការ អចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ៕