(ភ្នំពេញ)៖ អាជ្ញាធរ និងមន្រ្តីជំនាញខណ្ឌជ្រោយចង្វារ ក្រោមការបញ្ជារបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានចុះទៅវាស់វែងបាញ់ថ្នាំ កំណត់ផ្លូវទំហំទទឹង ២០ម៉ែត្រ ទៅតាមប្លង់មេរបស់សាលារាជធានីភ្នំពេញ នៅត្រង់ចំណុចដីឧកញ៉ា ជា រិទ្ធី ដែលត្រូវបានអ្នកជិតខាង និងប្រជាពលរដ្ឋនៅតំបន់នោះបានប្តឹងថា ឧកញ៉ារូបនេះ បានចាក់ស៊ីម៉ងតិ៍បណ្តុះគ្រឹះធ្វើជាព្រំរំលោភយកដីផ្លូវសាធារណៈប្រមាណ ៣ ទៅ៤ម៉ែត្រធ្វើជាកម្មសិទ្ធិ។
ការចុះទៅវាសវែងកំណត់ផ្លូវនេះដឹកនាំដោយលោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌជ្រោយចង្វារ ហើយក៏មានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ ដោយឡែក ឧកញ៉ា ជា រិទ្ធី ដែលរំលោភយកដីសាធារណៈនោះ មិនមានវត្តមាននោះឡើយ គ្រាន់តែបញ្ជូនមេធាវីទៅចូលរួម និងស្រែកឡូឡាដាក់មន្រ្តីអាជ្ញាធរ និងមន្រ្តីជំនាញតែប៉ុណ្ណោះ។
នៅរសៀលថ្ងៃនោះ គេឃើញអាជ្ញាធរ និងមន្រ្តីភូមិបាលខណ្ឌជ្រោយចង្វារ ក៏បានប្រើឧបករណ៍ដើម្បីរកអក្សរផ្លូវ និងព្រំដីរបស់លោកឧកញ៉ា និងព្រំដីប្រជាពលរដ្ឋដែលរស់នៅម្ខាងទៀត ដោយបាញ់កំណត់ដោយទុកផ្លូវទទឹងប្រវែង ២០ម៉ែត្រ។ អ្វីដែលមានការចាប់អារម្មណ៍នោះ នៅក្នុងការវាស់វែង រកព្រំនោះគេឃើញដីផ្លូវចូលទៅក្នុងរបងរបស់លោកឧកញ៉ា ជា រិទ្ធី ដែលកន្លែងខ្លះ ប្រមាណជាង ១ម៉ែត្រឯណោះ។
ចំណែកប្រជាពលរដ្ឋវិញ ពិតជាសប្បាយចិត្តយ៉ាងខ្លាំងព្រោះនេះជាគម្រោងពង្រីកផ្លូវនៅពេលអនាគត។ លោក ឡេង រ៉ាវង្ស បានឲ្យដឹងថា ការចុះមកវាស់វែងនៅពេលនេះ ធ្វើឡើងតាមការណែនាំ របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ដើម្បីកំណត់ព្រំ និងអក្សរផ្លូវទៅតាមប្លង់មេរបស់សាលារាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត ធ្លាប់បានបញ្ជាក់ថា ផ្លូវនេះជាផ្លូវមេមានប្រវែងជាង ៦គីឡូម៉ែត្រ ត្រូវតែបើកឲ្យធំ គ្មានបុគ្គលណាខ្លាំងចង់យកផ្លូវនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ក៏ទទូចសុំអាជ្ញាធរមេត្តាជួយអន្តរាគមន៍ទៅលោកឧកញ៉ា យកដុំថ្មចេញពីទ្រូងផង កុំទុកលើផ្លូវបែបនេះរាប់ខែ អាចបង្កឲ្យកើតមានគ្រោះថ្នាក់ ព្រោះពេលនេះផ្លូវបានកំណត់ហើយ។
សូមបញ្ជាក់ថា លោកឧកញ៉ា ជា រិទ្ធី បន្ទាប់ពីយកដុំថ្មមកគរតម្រៀបលើទ្រូងផ្លូវសាធារណៈរបស់រដ្ឋជាយូរមកហើយនោះ និងក្រោយមកបានចាប់ផ្ដើមចាក់ស៊ីម៉ង់តិ៍បណ្ដុះបង្គោលថ្ម លើទ្រូងផ្លូវធ្វើជាព្រុំ កម្មសិទ្ធិផ្ទាល់ខ្លួនហើយ។ ដោយសារតែឃើញទង្វើរបស់លោកឧកញ៉ា ជា រិទ្ធី កំពុងតែរំលោភយកផ្លូវសាធារណៈបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅភូមិព្រែកតាគង់ទាំងមូល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបាត់បង់ផ្លូវសាធារណៈកាន់តែតូចចង្អៀតជាងនេះទៀត ក្រោយលោកឧកញ៉ារូបនោះ បានចាប់ផ្តើមវាទព្រុំដីចេញមកក្រៅរបងដីរបស់ខ្លួនប្រហែល ៤ ទៅ៥ម៉ែត្រ ចូលមកលើទ្រូងសាធារណៈ បែបនេះនោះ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការរំលោភយកចំណីផ្លូវសាធារណៈ ក្នុងគោលបំណងមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ មិនមែនអាជ្ញាធរសង្កាត់ព្រែកតាសេក មិនដឹងនោះទេ ព្រោះពេលដែល លោកឧកញ៉ាចាប់ផ្តើមបញ្ជាឲ្យកម្មករយកដុំថ្មធំៗ មកតម្រៀបជាជួរចាប់ពីខាងមុខស្ពានសម្តេច ជា ស៊ីម ព្រែកតាគង់ (ពោលគឺខាងមុខដីរបស់គាត់) ដោយដាក់លើទ្រូងផ្លូវតែម្តងធ្វើឲ្យប៉ះទង្គិចពាក្យសំដី ជាមួយអ្នករស់នៅអមសងខាងផ្លូវ ដែលលោកឧកញ៉ារំលោភ ហើយក៏មានទាំងអាជ្ញាធរសង្កាត់ និងខណ្ឌបានចុះមកដល់កន្លែងកើតហេតុផងដែរ។ មិនតែប៉ុណ្ណោះអាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏បានណាត់ភាគីទំនាស់ទាំងសងខាងនោះ ទៅសួរនាំនៅសាលាខណ្ឌ ធ្វើជាកំណត់ហេតុតម្កល់ទុកផងដែរកាលពីដើមខែមេសា ឆ្នាំ២០១៩។
បើទោះពីមានការហៅទៅសួរនាំ និងធ្វើកំណត់របស់អាជ្ញាធរក៏ដោយ តែឧកញ៉ា ជា រិទ្ធី មិនត្រឹមតែដកចេញវិញនោះទេ គឺថែមទាំងយកដែកថ្នាំងអំពៅមកបោះក្នុងគោលបំណងកំណត់ព្រុំដីរបស់គាត់ ចេញខាងក្រៅរបងដីរបស់គាត់ប្រហែលជា ៤ទៅ៥ម៉ែត្រ រហូតមកដល់ពេលនេះ ស្រាប់តែឧកញ៉ាចាប់ផ្តើមចាក់បេតុងបណ្តុះបង្គោលថ្មចេញខាងក្រៅរបងដីរបស់គាត់ ក្នុងគោលបំណងវាទ របងចេញក្រៅធ្វើឲ្យប៉ះពាល់ទ្រូងផ្លូវសាធារណៈកាន់តែតូចចង្អៀតទៀត។
ប្រជាពលរដ្ឋ បានបញ្ជាក់ទៀតថា ផ្លូវសាធារណៈដែលត្រូវបានលោកឧកញ៉ា ជា រិទ្ធី រំលោភចេញមកក្រៅរបងដីគាត់នោះ គឺផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ចូលផ្សារព្រែកខ្វិត ឆ្លងស្ពានសម្ដេច ជា ស៊ីម ព្រែកតាគង់ ឆ្ពោះទៅត្រង់ដល់គល់ស្ពានលីយ៉ុងផាត់។
ផ្លូវមួយខ្សែនោះ មុនដំបូងត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ដែលមានលោក អឿ ស៊ីផុន ជាចៅសង្កាត់ បានផ្ដួចផ្ដើមសមគំនិតបង្កើតបើកផ្លូវនោះឡើង។ ចំណែកលោកឧកញ៉ា ជា រិទ្ធី វិញ ជាអ្នកចំណូលថ្មីតែប៉ុណ្ណោះ។ គាត់មិនបានបរិច្ចាគដីមួយចំរៀកណាដើម្បីបើកផ្លូវរាល់ថ្ងៃនេះទេ។ ក្រៅពីការស្នើសុំទៅអភិបាលខណ្ឌនោះ ប្រជាពលរដ្ឋក៏ទទូចស្នើទៅលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយមានវិធានការណ៍ចំពោះលោកឧកញ៉ារូបនោះផង ដើម្បីបញ្ឈប់សកម្មភាពរំលោភដីរបស់រដ្ឋតទៅទៀត៕