(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថម្នាក់ផ្សេងទៀត នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីបានចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ញៀប សាផន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន មុនគ្នាមួយថ្ងៃ នៅក្នុងភូមិ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ គឺអនុសេនីយ៍ត្រី មាស សំរាំង មេបញ្ជាការរង កងអនុសេនាតូចទី២ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងរ រហូតផុងលលាក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសំណេះសំណាលផ្តាំផ្ញើឲ្យអ្នកជំងឺ ធ្វើយ៉ាងណាថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់ និងអនុវត្តិតាមការណែនាំ របស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ រីឯការចំណាយទាំងប៉ុន្មាន សូមកុំមានការព្រួយបារម្ភ ព្រោះតែជីវភាពគ្រួសារអ្នកជំងឺមានការលំបាក អង្គភាពនឹងរ៉ាប់រងការចំណាយលើថ្លៃព្យាបាលទាំងស្រុង ព្រមជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក នៃមន្ទីរពេទ្យកាល់ម៉ែត បានសម្របសម្រួល សម្រាលបន្ទុក ក្នុងការសម្រាកព្យាបាល ដោយគិតតម្លៃត្រឹមតែ៥០ភាគរយប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យ ឈាង រ៉ា ដែលបានចាត់ចែងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ព្យាបាលអ្នកជំងឺយ៉ាងដិតដល់ ព្រមទាំង បានសម្រាលបន្ទុកចំណាយ លើការសម្រាកព្យាបាល ឲ្យនៅត្រឹមតែ៥០ភាគរយនេះ។ ព្រមជាមួយគ្នានោះ មានអ្នកជំងឺម្នាក់គ្រោះថ្នាក់ចរាចរណ៍ មកពីខេត្តកំពង់ចាម កំពុងសម្រាកព្យាល ក្នុងបន្ទប់រួមជាមួយ អ្នកជំងឺ មាស សំរាំង ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភនូវថវិកា ចំនួន១០០ដុល្លារ ទឹកដោះគោ០១កេស ទឹកសុទ្ធ០១កេសផងដែរ៕