(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក យូន បុមជី (Yoon Beomgi) អនុព័ន្ធយោធាចាស់ នៃសាធារណរដ្ឋកូរ៉េខាងត្បូង ដែលត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបជម្រាបលា ព្រមទាំងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធាកូរ៉េថ្មី ចូលជួបការសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រទេសកម្ពុជា ប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស, អនុវត្តពេលវេលាបោះឆ្នោតបានទៀងទាត់ ហើយកម្ពុជាប្រកាសមិនទទួលស្គាល់ រាល់ការចោទប្រកាន់ថា កម្ពុជាផ្ដល់ទឹកដីឱ្យកងទ័ពចិន កសាងមូលដ្ឋានកងទ័ព នោះគឺជាការខុសច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំណូមពរឱ្យមិត្តកូរ៉េ បន្តសហប្រតិបត្តិការល្អលើវិស័យយោធា សហការល្អជាមួយសាកលវិទ្យាល័យ ការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិកូរ៉េ ជំរុញឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចគណៈប្រតិភូនៃប្រទេសយើងទាំងពីរ ដើម្បីទំនាក់ទំនងល្អ ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទ និងជួយឧបត្ថម្ភសម្ភារ បម្រើឱ្យកងទ័ព ទាំងក្នុងកិច្ចប្រតិបត្តិការសង្គ្រោះ និងជំនួយមនុស្សធម៌៕