(វៀងច័ន្ទ)៖ កម្រិតកម្ពស់ទឹកទន្លេមេគង្គនៅកំឡុងនៃការចាប់ផ្តើមរដូវជន់លិចដំបូង ពីចន្លោះខែមិថុនា ដល់ខែកក្កដា កំពុងស្ថិតនៅក្នុងកម្រិតទាបបំផុតមួយ បើធៀបនឹងកំណត់ត្រានាពេលកន្លងមក ប៉ុន្តែស្ថានភាពនេះត្រូវបានក្រុមអ្នកជំនាញអះអាងថា នឹងប្រសើរឡើងនៅចុងខែកក្កដា។ នេះបើតាមរបាយការណ៍របស់ គណៈកម្មការទន្លេមេគង្គ MRC ដែលត្រូវបានដកស្រង់ចេញផ្សាយនាពេលថ្មីៗនេះ។
បើគិតចាប់ពីដើមនៃតំបន់អាងទន្លេមេគង្គក្នុងតំបន់ឈៀងសែន (Chiang Saen) ប្រទេសថៃ មកដល់ទីក្រុងលួងប្រាបាង និងវៀងច័ន្ទ នៃប្រទេសឡាវ ហើយចាក់មកដល់ខេត្តណងខៃ (Nong Khai) ប្រទេសថៃវិញ និងតំបន់ទន្លេមេគង្គអ្នកលឿង នៅប្រទេសកម្ពុជា កម្រិតទឹកទន្លេដែលត្រូវកើនឡើងនោះ មានលក្ខណៈទាបជាងអ្វីដែលធ្លាប់កើតមានក្នុងកំណត់ត្រាទាបបំផុត នៅកំឡុងពេលដូចគ្នាកាលពីឆ្នាំ១៩៩២។
ឧទាហរណ៍កម្រិតកម្ពស់ទឹកនាពេលថ្មីៗនេះ នៅចំណុចទន្លេមេគង្គក្នុងតំបន់ឈៀងសែនគឺ ២.១ម៉ែត្រ ដែលវាទាបជាងកម្រិតមធ្យមត្រូវបានកំណត់គឺ ៣.០២ម៉ែត្រ ដែលជាការគណនាកម្រិតមធ្យម នៃការកើតឡើងកម្ពស់ទឹកទន្លេក្នុងរដូវវស្សា ឬរដូវចាប់ផ្តើមនៃទឹកជំនន់ក្នុងអំឡុងពេល ៥៧ឆ្នាំចុងក្រោយនេះ (១៩៦១-២០១៨) ហើយវាក៏មានកម្រិតទាបជាងកម្រិតដែលទាបបំផុត ក្នុងកំណត់ត្រាកាលពីឆ្នាំ១៩៩២ ប្រមាណជាង ០.៧១ម៉ែត្រផងដែរ។
ដោយឡែកចំពោះកម្រិតកម្ពស់ទឹក នៅតំបន់ទន្លេមេគង្គក្នុងទីក្រុងវៀងច័ន្ទវិញ កម្ពស់ទឹកនៅក្នុងឆ្នាំនេះពីចន្លោះខែមិថុនា និងខែកក្កដា ទាបជាងកម្រិតមធ្យមរហូតដល់ទៅ ០.៧០ម៉ែត្រ ហើយវាក៏ទាបជាងកម្រិតដែលទាបបំផុតនៅក្នុងកំណត់ត្រាឆ្នាំ១៩៩២ រហូតដល់ទៅ ១.៣៦ម៉ែត្រផងដែរ បើគិតពីថ្ងៃទី១៦ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
ងាកទៅមើលខេត្តក្រចេះនៃប្រទេសកម្ពុជាវិញ បើគិតតាមកំឡុងពេលដូចគ្នាខាងលើ កម្រិតទឹកនៅស្ថានីយមួយនេះ គឺទាបជាងកម្រិតទាបំផុតក្នុងកំណត់ត្រាឆ្នាំ១៩៩២ ប្រមាណ ០.៣៨ម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់ការរបស់ MRC បានសន្និដ្ឋានថា ការធ្លាក់ចុះនៃកម្រិតទឹកទន្លេមេគង្គក្នុងកំឡុងពេលនេះ គឺបានកើតមានឡើងដោយសារតែ «លំហូរទឹកខ្សោយតាមតំបន់នៃអាងទន្លេមេគង្គ»។
គួរបញ្ជាក់ថា ភ្លៀងបានធ្លាក់ក្នុងកម្រិតខ្សោយ ទៅលើតំបន់អាងទន្លេមេគង្គនៅដើមឆ្នាំនេះ។ នៅផ្នែកខាងលើនៃអាងទន្លេមេគង្គក្រោម ក្នុងតំបន់ទំនប់ឈៀងសែន ដ៏សំខាន់សំខាន់មួយនោះ ភ្លៀងបានធ្លាក់នៅកម្រិតតិចបំផុតនៅកំឡុងខែមិថុនា បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៅផ្នែកខាងក្រោមទន្លេមេគង្គ។ បរិមាណទឹកភ្លៀងមធ្យមក្នុងខែមិថុនាគឺប្រហែលតែ ៦៧%ប៉ុណ្ណោះបើធៀបនឹងចំនួនទឹកភ្លៀង នៅកំឡុងពេលដូចគ្នានៅកំឡុងខែមិថុនា គិតពីឆ្នាំ ២០០៦-២០១៨។
របាយការណ៍របស់ MRC ក៏បានព្រមានផងដែរថា កម្រិតទឹកភ្លៀងទាបនៅកំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០១៩នេះ ក៏អាចបណ្តាលឱ្យទឹកលើដីខ្វះខាតនៅតាមតំបន់ផងដែរ។ ប្រការនេះមានន័យថា វានឹងគ្មានទឹកលើដីគ្រប់គ្រាន់ ដើម្បីចូលរួមចំណែកដល់ខ្សែទឹកទន្លេមេគង្គឡើយ។
ដោយយោងតាមរបាយការណ៍របស់ MRC ដែលបង្ហាញពីការខ្វះខាតទឹកច្រើននៅក្នុងឆ្នាំនេះ, ឆ្លៀតឱកាសនេះអគ្គិសនីកម្ពុជា សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយសន្សំសំចៃក្នុងប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ បើទោះបីការកាត់ផ្តាច់ថាមពលអគ្គិសនីមិនបានធ្វើឡើងក៏ដោយ សូមបងប្អូនមេត្តាចូលរួមទាំងអស់គ្នា ដើម្បីជួយទប់ស្កាត់លើបញ្ហាខ្វះខាតថាមពលអគ្គិសនីនៅពេលណាមួយ៕