(ភ្នំពេញ)៖ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រួមនឹងសមាគម៣ទៀត ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរសសាលាក្រោយឧត្តម នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាប្រធានសមាគមអប់រំអូវ៉ឺស៊ីកម្ពុជា ថ្មីៗនេះ បាននាំយកអំណោយសម្ភារៈសិក្សា និងថវិកា ១ចំនួនទៅ ចែកជូន សិស្សានុសិស្សក្រីក្រ ចំនួន៦០៩នាក់ នៃសាលាបឋមសិក្សា អង្គតាផល និងសាលាបឋមសិក្សា ព្រៃត្បែង ស្ថិតក្នុងឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកសាស្ត្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច បានថ្លែងថា អំណោយទាំងនេះបាន មកពីការចូលរួមរបស់អង្គភាព៤ គឺសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សមាគមអប់រំអូវ៉ឺស៊ីកម្ពុជា សមាគមគីវ៉ានីស៍កម្ពុជា និងសមាគមគីវ៉ានីស៍តៃវ៉ាន់ ដែលការរួមគ្នានេះ បង្កើតបានជាកម្លាំងមនុស្សធ៌ម បានជួយដល់ក្មួយៗសិស្សានុសិស្ស ដែលមានការខ្វះខាតសម្ភារៈសិក្សា នេះគឺជាវប្បធ៌មចែករំលែកក្នុងការជួយគ្នា ទៅវិញទៅមក សម្រាប់អ្នកដែលមានលទ្ធភាព ត្រូវជួយដល់អ្នកទន់ខ្សោយ ខ្វះខាត យើងត្រូវតែចេះជួយគ្នាដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជាសមាជិកសង្គមបានរីកចំរើនទៅព្រមៗគ្នា។ នេះជាលើកទី៤ហើយ ដែលអង្គភាពទាំង៤ខាងលើ បានសហការគ្នា ផ្តល់សម្ភារៈសិក្សាជូនសិស្សានុសិស្សបឋមសិក្សា នៅកម្ពុជា។
លោកបានចាត់ទុកថា ជំនួយឧបត្ថម្ភនាពេលនេះ ជាការជួយសម្រួលការលំបាកផង និងជាការលើកទឹកចិត្តដល់សិស្សានុសិស្សនៅទីនោះ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របង្កើនចំណេះដឹង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម ជាតិ ឆ្ពោះទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ផងដែរ។ សូមឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់ពីថ្នាក់ដំបូងរហូតដល់ វិទ្យាល័យ និងបន្តទៅសាកលវិទ្យាល័យទៀតឲ្យបានគ្រប់គ្នាព្រោះថា ការអប់រំមនុស្សត្រូវការពេលវេលាយូរអង្វែង ទើបសម្រេចគោលដៅ។
លោកសាស្ត្រាចារ្យបណ្ឌិតបានពន្យល់ថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះ ដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ។ដូចនេះសូមក្មួយៗខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង ត្រូវហាត់ពុតលត់ដំខ្លួន ដើម្បីក្លាយជាពលរដ្ឋប្រកបដោយសមត្ថភាព ជាសរសរទ្រូងដ៏រឹងមាំរបស់ ប្រទេសជាតិនៅថ្ងៃអនាគត។
លោកសាស្ត្រាចារ្យបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរសសាលាក្រោយឧត្តម នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាប្រធានសមាគមអប់រំអូវ៉ឺស៊ីកម្ពុជា បានថ្លែងអំណរគុណផងដែរ ចំពោះគណៈប្រតិភូសមាគមគីវ៉ានីស៍តៃវ៉ាន់ និងសមាគមគីវ៉ានីស៍កម្ពុជា ដែលបានរួមគ្នាបង្កើតកម្មវិធីកម្លាំងមនុស្សធម៌នេះឡើង ដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ជាពិសេសកម្រិតបឋមសិក្សា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
អំណោយដែលត្រូវចែកជូននាពេលនោះ សម្រាប់សិស្សានុសិស្ស រួមមាន៖ កាតាប ចំនួន៦២០, សៀវភៅ ១២៤០ ក្បាល, ប៊ិច ៦២០ដើម, ខ្មៅដៃ១២៤០ដើម, ជ័រលុប១២៤០ដុំ ព្រមទាំងថវិកាជូនសិស្សានុសិស្សក្នុងម្នាក់ទទួលបានចំនួន ២ពាន់រៀល។ ដោយឡែក គណៈគ្រប់គ្រងសាលាលោកគ្រូ អ្នកគ្រូ ចំនួន ៤០នាក់ ក្នុងម្នាក់ទទួលបានចំនួន ២ម៉ឺនរៀល។ ជាមួយនឹងអំណោយសម្ភារៈសិក្សា ក្មួយៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូក៏ទទួលបាននូវ អាហារ សាមគ្គី១ពេលផងដែរ៕