(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV»។

ស្នងការនគរបាលនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃនេះ ប្រតិបត្តិការដែលដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស១៥០នាក់ ស្រី៤៨នាក់ ដែលមនុស្សទាំងអស់នេះ៩៥ភាគរយ ជាជនជាតិចិន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងរង្វង់ប្រតិបត្តិការខាងលើ បានដកហូត ជ្រុញសម្រាប់ ប្រើគ្រឿងញៀន ចំនួន៣៥ជ្រុញ និងគ្រឿងញៀន ប្រភេទ Ketamin មួយចំនួនធំផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មនុស្សទាំង១៥០នាក់ដែលត្រូវបានចាប់ខ្លួននេះ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែកចែកឲ្យបានច្បាស់លាស់រវាងអ្នកធ្វើការ, អ្នកបម្រើ, អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕