(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានថ្លែងថា នៅឆ្នាំ២០១៨ កម្ពុជាបានដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសប្រមាណ ១០លាននាក់ ជាមួយនឹងអត្រាកំណើន ២៣% បានផ្តល់ការងារធ្វើដោយផ្ទាល់ និងប្រយោល ១,៧លាននាក់ និងបានចូលរួមចំណែក ចំណូលសេដ្ឋកិច្ចជាឌុល ប្រមាណ ២,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ការបញ្ជាក់របស់ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលក្រុមហ៊ុនអាកាសចរណ៍ អង្គរអ៊ែរ បានធ្វើពិធីរំលឹកខួបលើកទី១០ នៃការបង្កើតក្រុមហ៊ុនមួយនេះ។
រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា បានដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសប្រមាណ ១០លាននាក់ ជាមួយនឹងអត្រាកំណើន ២៣% បានផ្តល់ការងារធ្វើដោយផ្ទាល់ និងប្រយោល ១,៧លាននាក់ និងបានចូលរួមចំណែក ចំណូលសេដ្ឋកិច្ចជាឌុល ប្រមាណ២,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ អង្គរអ៊ែរ បានចូលរួមចំណែក ប្រមាណ១០% នៃលទ្ធផលដ៏ល្អនេះ»។
នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបន្តថា សមិទ្ធផលដ៏ប្រសើរនេះ ពិតជាមិនអាចបំភ្លេចបាន ពីការចូលរួមចំណែកយ៉ាងសកម្ម របស់ក្រុមហ៊ុនអាកាសចរណ៍ អង្គរអ៊ែរ បានឡើយ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរអ៊ែរ បានជួយលើកកម្ពស់មុខមាត់ ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបើកជើងហោះហើរ ទៅកាន់ទីផ្សារអន្តរជាតិ និងពង្រឹងសុវត្ថិភាព នៃការហោះហើរ តាមរយៈការទទួលបានវិញ្ញាបនបត្រ កម្រិតស្តង់ដារអន្តរជាតិ និងគោរពយ៉ាងខ្ជាប់ខ្ជូន នូវបទបញ្ញត្តិ និងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៉ីវិល របស់រដ្ឋលេខាធិការដ្ឋាអាកាសចរណ៍ស៉ីវិលជាដើម។
ជាមួយគ្នានេះ លោក តឹករឹក សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ បានថ្លែងថា ក្រុមហ៊ុនអាកាសចរណ៍ អង្គរអ៊ែរ ដែលត្រូវបានបង្កើតឡើង តាំងពី១០ឆ្នាំមុននោះ បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង។ លោកថ្លែងបន្តថា ដំណើរប្រតិបត្តិការដ៏ជោគជ័យ របស់ក្រុមហ៊ុនមួយនេះ ដោយសារតែរាជរដ្ឋាភិបាល ដែលមានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល តែងតែយកចិត្តទុកដាក់ និងលើកស្ទួយគ្រប់កិច្ចការទាំងអស់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានអាកាសចរណ៍ជាតិ អង្គរអ៊ែរ ខ្ញុំសូមឆ្លៀតឱកាស សម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតក្នុងការគាំទ្រ របស់ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ក្នុងដំណើរអាជីវកម្មរបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់យើង ដែលយើងអាចឈានមកដល់ ឆ្នាំទី១០ ហើយល្ងាចនេះ យើងជួបជុំគ្នា ដើម្បីអបអរសាទរជោគជ័យ នៃការធ្វើប្រតិបត្តិការរបស់យើង»៕