(ភ្នំពេញ)៖ លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ខ្នាតតូច ដែលក្រសួងបានធ្វើប្រតិភូកម្មជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។
កិច្ចប្រជុំនេះក៏មានការចូលរួមពី តំណាងក្រសួងពាណិជ្ជកម្ម តំណាងអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គនាយកដ្ឋារតនាគារជាតិ និងតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តទូទាំងប្រទេស។
ជាលទ្ធផល នៃកិច្ចប្រជុំនាថ្ងៃនេះ គឺបានដោះស្រាយនូវកិច្ចការប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងអន្តរស្ថាប័ន ជាពិសេសលើកិច្ចការ ចុះបញ្ជីពាណិជ្ជកម្ម ការកត់ត្រាចំណូល លិខិតអនុញ្ញាតប្រកបអាជីវកម្ម និងកាតព្វកិច្ចពន្ធដារជាដើម។
លោក ម៉ី វ៉ាន់ បានបន្ថែមថា បច្ចុប្បន្នទីផ្សារបញ្ចាំបានរីកធំធាត់ពីមួយថ្ងៃ ទៅមួយថ្ងៃ ដូចនេះទាមទាឲ្យយើងដែលជាបញ្ញត្តិករ និងជាអាណាព្យាបាល ត្រូវតែគ្រប់គ្រង ឲ្យបានច្បាស់លាស់ ជាពិសេសទៅទៀតត្រូវបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ដោយទុកប្រជាពលរដ្ឋ គឺជាដៃគូ និងជាមិត្តភ័ក្រល្អ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានឧស្សាហកម្មហរិញ្ញវត្ថុ បានដាក់ចេញនូវទិសដៅ ជូនដល់អង្គប្រជុំឲ្យយកចិត្តទុកដាក់ចំពោះអាជីវកម្មទាំងឡាយណា ដែលមិនទាន់មានច្បាប់ត្រឹមត្រូវ និងត្រូវមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់លើបញ្ហានេះឲ្យមានប្រសិទ្ធភាព ជាពិសេសបណ្តាខេត្តមួយចំនួន ដែលមិនទាន់មានភាពសកម្មក្នុងកិច្ចការងារនេះ។
ជាទីបញ្ចប់ លោកសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីកិច្ចប្រជុំដ៏មានសារសំខាន់នេះទៅ អង្គប្រជុំទាំងមូល នឹងនាំយកការណែនាំ ដែលដាក់ចេញជាទិសដៅនេះ ទៅអនុវត្តប្រកបដោយសិក្កសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់៕