(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញយុវជនឱ្យខិតខំបណ្តុះផ្នត់គំនិតស្នេហាជាតិ ស្រលាញ់ទឹកដី និងប្រជាជន ហើយត្រូវព្យាយាមបំផុសស្មារតីសហគ្រិនភាព ជាមួយគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ជាមួយរាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីជាមួយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នៅពេលបានឃើញយុវជន ដែលជាសុទ្ធសឹងជាទំពាំងស្នងឫស្សី ទទួលបានឱកាសអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចចូលរួមបំពេញកិច្ចការសំខាន់ៗជូនប្រជាជន និងប្រទេសកម្ពុជា។

បន្ថែមលើនោះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដោយផ្តោតសំខាន់លើការរៀបចំផែនការយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតវេទិកាអប់រំសម្រាប់យុវជន ការលើកកម្ពស់សហគ្រិនភាព និងសមភាពយេនឌ័រ ការស្វែងយល់ពីវប្បធម៌ប្រពៃណី និងការចូលរួមសកម្មភាពសង្គមជាដើម ដើម្បីធ្វើឱ្យយុវជនក្រសួងពាណិជ្ជកម្ម ដែលទទួលបានសេចក្តីទុកចិត្តពី ស.ស.យ.ក ថ្នាក់កណ្តាលថ្ងៃនេះ ក្លាយជាអ្នកដឹកនាំដ៏ភ្លឺស្វាង នាពេលអនាគត។

ទន្ទឹមគ្នានោះដែរ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធការងាររបស់ ស.ស.យ.ក វិស័យពាណិជ្ជកម្ម នាពេលកន្លងមក និងបានស្នើសុំថ្នាក់ដឹកនាំ និងយុវជនទាំងអស់ ខិតខំអភិវឌ្ឍន៍សមត្ថភាព និងស្វែងយល់ពីកិច្ចការនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីចែករំលែកដល់យុវជនដូចគ្នា នៅក្នុងវិស័យផ្សេងទៀតនៃគ្រួសារ ស.ស.យ.ក។

លោកប្រធាន ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្ត ថ្នាក់ដឹកនាំ ស.ស.យ.ក វិស័យពាណិជ្ជកម្ម ខិតខំបង្កើតកម្មវិធីលើកស្ទួយសហគ្រិនភាព និងសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗបន្តទៀត ដើម្បីផ្សព្វផ្សាយអំពីផលិតផលខ្មែរ និងសក្តានុពលកម្ពុជា ទៅកាន់ពិភពលោក៕

http://image.freshnewsasia.com//fn-2019-07-24-19-54-42-23.jp